(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធកម្មវិធី «អភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកទឹកចិត្ដឲ្យយុវជន នៅក្នុងខេត្តកំពង់ស្ពឺ ខិតខំហ្វឹកហ្វឺនលេងកីឡា ដើម្បីឲ្យក្លាយជាជម្រើសជាតិ នៅរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំ ខាងមុខនេះ។

ពិធីសម្ពោធកម្មវិធី អភិវឌ្ឍកីឡាបាល់ទាត់ ខាងលើនេះ រៀបចំឡើងដោយក្រុមការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា (ណាហ្គាវើលដ៍បេះដូងសប្បុរស) ក្នុងគោលបំណង បណ្តុះបណ្តាលគ្រូកីឡា មកពី៩៤ អនុវិទ្យាល័យ និងវិទ្យាល័យទូទាំង ខេត្តកំពង់ស្ពឺ រយៈពេល២ឆ្នាំ ដោយមានការគាំទ្រ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និង ស.ស.យ.ក។

ពិធីសម្ពោធកម្មវិធី «អភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ» នេះ ក៏មានការចូលរួមពី លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិកា នៃក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក ម៉ៃ តុលា អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។

ថ្លែងនៅក្នុងពិធីនោះ លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «សង្ឃឹមថា ៥ឆ្នាំ និង១០ឆ្នាំទៀត យើងនឹងមានជម្រើសជាតិ ដែលចេញមកពីខេត្តកំពង់ស្ពឺ...ដូច្នេះហើយ ខ្ញុំសូមរំពឹង ទៅដល់ អ្នកគ្រូ លោកគ្រូបង្វឹក និងប្អូនៗ ទាំងអស់គ្នា ព្រោះពួកបង អ្វីដែលជួយបាន គឺគៀរគ គម្រោង និងគៀងគរ ដើម្បីឲ្យបង្កើត និងសាងសងហេដ្ឋារចនាសម្ព័ន្ធ»។

ប្រធាន ស.ស.យ.ក រូបនេះ បានបញ្ជាក់ផងដែរថា នៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ ខេត្តកំពង់ស្ពឺ នឹងមានកីឡាករ-កីឡាការិនី ចំនួន១៨៤នាក់ ចូលរួមក្នុងពិធីបើក ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨។

លោក ហ៊ុន ម៉ានី បានបន្ថែមថា «ជោគជ័យរបស់ កីឡាករ-កីឡាការិនី ម្នាក់ៗ គឺជាជោគជ័យរួមរបស់ ប្រជាជនខេត្តកំពង់ស្ពឺទាំងមូល។ នេះហើយដែលជាគោលបំណង និងជាអត្ដន័យ ដែលយើងមានស្រាប់ សម្រាប់ខេត្តកំពង់ស្ពឺ យើងត្រូវរួមគ្នាដើម្បីខេត្តកំពងស្ពឺ»