(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋក្នុងសង្កាត់ច្រាំងចំរេះ១ និងសង្កាត់ច្រាំងចំរេះ២ ចំនួន​២៥០គ្រួសារ បានទទួលអំណោយសម្រាប់ដោះស្រាយការទទួលទាន នាពេលស្រាយបួសរ៉ាម៉ាឌន របស់សាសនាឥស្លាម ដែលជាអំណោយរបស់​មូលនិធិ TDV នៃក្រសួងកិច្ចការសាសនាប្រទេសតួរគី សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​។​

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានលើកឡើងថា នេះជាលើកទី៦ ដែលអង្គការរបស់លោកចាប់ដៃនឹងរដ្ឋាភិបាលតួរគី ក្នុងការប្រតិបត្តិកម្មវិធីមនុស្សធម៌ទៅកាន់សហគមន៍កម្ពុជា ក្រៅពីជំនួយផ្នែកកញ្ចប់អាហារគ្រឿងទេស ក៏មានការផ្តល់គោ សម្រាប់ពិធីបូជាក្នុងបុណ្យហាជ្ជ ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ទៅបំពេញការសិក្សានៅប្រទេសតួរគីជាដើម។​

លោកបន្តថា ដើម្បីចូលរួមដោះស្រាយរាល់តម្រូវការរបស់សហគមន៍ មូលនិធិរបស់លោក ក៏បានធ្វើកិច្ចសហការជាមួយស្ថាប័នរដ្ឋ និង​អង្គការសប្បុរសធម៌អន្តរជាតិ ជាច្រើនប្រទេស ដូចជាម៉ាឡេស៊ី សាំងហ្គាពួរ ប្រុយណេ បណ្តាប្រទេសអារ៉ាប់ អាឡឺម៉ង់ បារាំង ជាដើម។

លោក អូស្មាន ហាស្សាន់ សមិទ្ធផលគ្រប់បែបយ៉ាងដែ​លទទួលបានពីអង្គការដៃគូរ គឺកើតឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលបានផ្តល់ភាពងាយស្រួល និង​បើកទូលាយការពង្រឹងទំនាក់ទំនងជាមួយអង្គការ និង​ប្រទេសដៃគូរជាមិត្ត ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និង​កាត់បន្ថយភាពក្រីក្រ។

លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាសមាជិកអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ទទួលរ៉ាប់រងទំនាក់ទំនងផ្នែកគម្រោងនានា ជាមួយដៃគូរតួរគី បានឲ្យដឹងថា សម្រាប់ពិធីបួសរ៉ាម៉ាឌន ឆ្នាំ​២០១៨នេះ មូលនិធិ TDV បានឧបត្ថម្ភ ជូនគ្រួសារសរុប​១,២៥០គ្រួសារ គិតជាទឹកប្រាក់សរុប​៣៤,២៣៧.៥០​ដុល្លារ សម្រាប់​ខេត្តចំនួន៥ ក្នុងនោះរាជធានីភ្នំពេញ​២៥០គ្រួសារ, កំពង់ឆ្នាំង​២៥០គ្រួសារ, កំពង់ធំ​២៥០គ្រួសារ, បាត់ដំបង​២៥០គ្រួសារ និង​កំពត​២៥០​គ្រួសារ ហើយតំបន់នីមួយៗ ក៏ទទួលបានកញ្ចប់ថវិការរួមសម្រាប់ព្រះវិហារ ចំនួន​៩៧៥ដុល្លារផងដែរ៕