(សៀមរាប)៖ ផ្លូវបេតុងសរសៃប្រវែង១,២២០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីមុខភ្នំក្រោម​ដល់សាលារៀនស៊ូវ៉ុន ក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប និងផ្លូវក្រាលគ្រួសក្រហម ចំនួន២ខ្សែ​ ប្រវែង៦០០ម៉ែត្រ ខ្នងលើ៤ម៉ែត្រ ក្នុងភូមិទី១ និងភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានសម្ពោធបើកការដ្ឋានជួសជុល នាព្រឹកថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង ​អភិបាលខេត្ត​។

តាមការបញ្ជាក់របស់លោក​អភិបាល​ក្រុងសៀមរាបស្ដីទី បានឲ្យដឹងថា ផ្លូវទាំង៣ខែ្សនេះ មានសារៈសំខាន់បំផុត ចំពោះប្រជាពលរដ្ឋសង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ក្នុងការព្រមទាំងសម្រួល ការដឹកបងប្អូនមានជំងឺពេលយប់ព្រលប់មកកាន់មន្ទីរពេទ្យ និងសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស មក​កាន់សាលារៀនផងដែរ​។​

លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងអំពីគម្រោងជាច្រើន​របស់សាលាខេត្តសៀមរាប ក្នុងការជួសជុល និង​ស្ថាបនាផ្លូវនៅក្នុងក្រុង ស្រុក ឃុំ សង្កាត់ ហើយបានលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវ ពីការគិតគូរខ្ពស់ ប្រកបដោយចក្ខុវិស័យ ដើម្បីវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍លើគ្រប់វិស័យ​។​

បើតាមលោកអភិបាលខេត្ត ក្រោមគោលមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេស ជាតិទាំងមូល ទទួលបាននូវសុខសន្តិភាព ពេញផ្ទៃប្រទេស ​ជាពិសេសបានធ្វើឲ្យស្រុកស្រីស្នំ មានការអភិវឌ្ឍន៍ និង​រីកចម្រើមលើគ្រប់វិស័យទៀតផង​។

ការបើកការដ្ឋានជួសជុលផ្លូវ​ទាំង៣ខែ្ស នៅក្នុងសង្កាត់ទាំងពីរខាងលើនេះ ​ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តស្រុក​ ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និង​ការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ​និង​បង្កភាពងាយស្រួល ដល់សិស្សានុសិស្ស មកកាន់សាលារៀន និង​ប្រជាពុទ្ធបរិស័យមកកាន់ទីវត្តអារាមផងដែរ។

លោកថា «យើងមានផ្លូវ គឺ​មានក្តីសង្ឃឹម ​កត្តាផ្លូវថ្នល់នេះហើយដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅស្រុកស្រីស្នំនេះ ក្នុងការងាយស្រួល ដឹកជញ្ជូនកសិផលដែលបងប្អូនផលិតបានយកទៅកាន់ទីផ្សារ​។ ម៉្យាងទៀតសូមឲ្យអាជ្ញាធរស្រុក ឃុំត្រូវយកចិត្ត ទុកដាក់ថែទាំផ្លូវនេះ និង​ធ្វើឲ្យដងផ្លូវប្រកបទៅពណ៌បៃតង គឺត្រូវរួមគ្នាធ្វើការដាំដើមឈើមានតម្លៃ ក្នុងការលើកនូវសោភណ្ឌភាពក្នុងមូលដ្ឋាន រួមទាំងទប់ស្កាត់នូវគ្រោះធម្មជាតិទៀតផង»

លោក ឃឹម ប៊ុនសុង ក៏បានលើកនូវសភាពការណ៍នយោបាយក្នុង និង​ក្រៅប្រទេស ​ព្រមទាំងសូមឲ្យបងប្អូនកុំជឿនូវការ ឃោសនាអកុសល របស់ក្រុមជនអកតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង​សន្តិភាពនៅកម្ពុជាតាមរយៈការឃោសនា មិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ​៕

ដើម្បីជាអនុស្សាវរីយ៍ ក្នុងឱកាសបើកការដ្ឋានជួសជុលផ្លូវទាំង៣ខ្សែនេះ លោក ឃឹម ប៊ុនសុង បានឧបត្ថម្ភដល់​ប្រជាពលរដ្ឋដែល​ចូលរួមពិធី ចំនួន១,០០០នាក់​ ម្នាក់ៗ​២ម៉ឺនរៀលផងដែរ៕