(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា វេលាម៉ោង១០៖០៦នាទីព្រឹកនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៤ (GS4-F20) នៅតំបន់មួយចំនួនដែលស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ សង្កាត់កន្ទោក និងសង្កាត់កន្ទោកខាងជើង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុនៃការដាច់ចរន្តអគ្គិសនីនេះ បណ្តាលមកពីក្រុមហ៊ុនដូនពេញបានប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីប៉ះកាបខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី។

នៅពេលនេះ ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២៖២៣នាទីថ្ងៃត្រង់។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕