(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យក្រុមប្រតិភូគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជា ចូលជួបសម្ដែងការគួរសម​ និងសំណេះសំណាល ក៏ដូចជាប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលដល់ម្ចាស់ជ័យលាភី ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីលើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ប្រកបដោយភាពជោគជ័យកាលពីពេលថ្មីៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨-១៣ ខែឧសភា កន្លងទៅ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជូនអត្តពលិកចំនួន២៤នាក់ ទៅចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីលើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ ជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស ៨វិញ្ញាសាស្មើនឹង ១៨គ្រឿង, មេដាយប្រាក់ ៥វិញ្ញាសាស្មើនឹង ១៣គ្រឿង និងមេដាយសំរឹទ្ធ ៨វិញ្ញាសាស្មើនឹង ១៦គ្រឿង ដែលជាជោគជ័យប្រវត្តិសាស្ដ្រមួយ សម្រាប់ក្រុមកីឡាតេក្វាន់ដ ITF កម្ពុជា។

យោងតាមអនុក្រឹត្យប្រកាសដោយអន្ដរក្រសួងកាលពីខែកក្កដា ឆ្នាំ២០១៥ ដើម្បីលើកទឹកចិត្តដល់អត្តពលិកដណ្ដើមបានជ័យលាភីលើឆាកអន្ដរជាតិ ចំពោះការដណ្ដើមបានមេដាយលក្ខណៈជ្រើសរើសជើងឯកកម្រិតអាស៊ីតាមប្រភេទកីឡានីមួយៗ សម្រាប់មេដាយមាសទទួលបាន ១៦លានរៀល, មេដាយប្រាក់ ទទួលបាន ១៣លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ១១លានរៀល។ រីឯគ្រូបង្វឹក ទទួលបាន ១០០% ស្មើនឹងមេដាយកូនសិស្សរបស់ខ្លួន ខណៈគ្រូជំនួយទទួលបានប្រាក់រង្វាន់ ៧០% នៃមេដាយកូនសិស្សរបស់ខ្លួន។

ដោយហេតុនេះ ទើបសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ចូលជួបសម្ដែងការគួសម និងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីនីមួយៗ ខណៈរាជរដ្ឋាភិបាលត្រូវចំណាយថវិកា ដើម្បីលើកទឹកចិត្តប្រមាណជាង ៦៩៨លានរៀលឯណោះ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ដែលទើបបញ្ចប់កាលពីពេលថ្មីៗ គឺមានអត្តពលិកមកពី ២០ប្រទេសចូលរួម ហើយកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ជាមួយនឹងចំណាត់ថ្នាក់លេខ២ សម្រាប់ការប្រកួតផ្នែកយុវជន និងទទួលចំណាត់ថ្នាក់លេខ៣ ផ្នែកការប្រកួតអត្តពលិកពេញវ័យ ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺយុវជនថ្នាល សុភ័ក្រ្ដ ច័ន្ធឧត្តម ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងចំណោមអត្តពលិកកម្ពុជា និងព្រឹត្តិការណ៍ទាំងមូល រហូតដណ្ដើមបានពានយុវជនឆ្នើមប្រចាំតំបន់អាស៊ី សម្រាប់យុវជនអាយុចន្លោះ ១០ឆ្នាំ ទៅ ១៣ឆ្នាំ ក្រោយដណ្ដើមបានមេដាយមាស ៣ ប្រាក់១ និងសំរឹទ្ធ១៕