(ភ្នំពេញ)៖ ការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ហើយការបំផ្លាញចោលការបោះឆ្នោតណាមួយ គឺជាការសម្លាប់ប្រជាធិបតេយ្យចោល។ ការសម្លាប់ប្រជាធិបតេយ្យ គឺមានន័យថាដកសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋតាមរយៈសន្លឹកឆ្នោតនៅថ្ងៃបោះឆ្នោត។ ដរាបណាមានការបោះឆ្នោត ដរាបនោះមានច្រកសម្រាប់ប្រជាពលរដ្ឋប្រើសិទ្ធិអំណាច ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដើម្បីដឹកនាំប្រទេស និងកំណត់វាសនាអនាគតរបស់ប្រជាជន។

រដ្ឋធម្មនុញ្ញខ្មែរដែលជាច្បាប់កំពូលរបស់ជាតិចែងយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្របានប្រព្រឹត្តទៅចំនួន ៥ លើករួចមកហើយ។ ប្រជាពលរដ្ឋបានប្រើសិទ្ធិអំណាចរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនជឿទុកចិត្ត នៅរៀងរាល់ ៥ ឆ្នាំម្តង ហើយតាមរយៈការប្រើសិទ្ធិអំណាចនេះ ប្រទេសជាតិទទួលបានសុខសន្តិភាព មានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ព្រមទាំងបានធ្វើសមាហរណកម្ម ទៅក្នុងតំបន់ និងសកលលោកក្នុងឋានៈជារដ្ឋឯករាជ្យស្មើភាព និងស្មើសិទ្ធិជាមួយរដ្ឋដទៃទៀត។

នៅពេលការបោះឆ្នោតជ្រើសរើសជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាន់តែខិតជិតមកដល់ សម រង្ស៊ី ដែលតែងតែស្រែកប្រាប់គេឯងគ្រប់គ្នាថា ចង់បានណាស់នូវ ប្រជាធិបតេយ្យសេរី បែរជាធ្វើការអំពាវនាវបែបជ្រូកពុលឱ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោតទៅវិញ។ បើប្រជាពលរដ្ឋ ពុំទៅបោះឆ្នោត មានន័យថា កម្ពុជាបោះបង់ចោលប្រជាធិបតេយ្យ ហើយបើបោះបង់ចោលប្រជាធិបតេយ្យ មានតែសម រង្ស៊ី ចង់ឱ្យកម្ពុជាដូរប្រព័ន្ធដឹកនាំរដ្ឋទៅតាមបែបមួយផ្សេងទៀតវិញ។ ម្យ៉ាងដែរ ! ចិន និងវៀតណាម អនុវត្តប្រជាធិបតេយ្យប្រមូលផ្តុំ អត់មានប្រជាធិបតេយ្យសេរីអីផង តែជារដ្ឋដែលមានអធិបតេយ្យ មានសន្តិភាព និងមានការអភិវឌ្ឍជឿនលឿនប្រកបដោយស្ថិរភាព ចីរភាព។ ពិនិត្យមើលប្រទេសជុំវិញកម្ពុជា តើប្រទេសមួយណាដែលមានប្រជាធិបតេយ្យសេរី និងសិទ្ធិសេរីភាពល្អជាងកម្ពុជា? ថៃ ឬវៀតណាម ឬឡាវ? នៅថៃ ប្រជាជនចង់បានបំផុត ការរៀបចំឱ្យមានការបោះឆ្នោត ដើម្បីជាការវិលត្រឡប់វិញនៃប្រជាធិបតេយ្យសេរី។ ប៉ុន្តែចម្លែកអីនៅកម្ពុជា មានការបោះឆ្នោតហើយ បែរជាមេដឹកនាំនយោបាយប្រឆាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតទៅវិញ។ មិនដឹងជា សម រង្ស៊ី ចង់បានអ្វីពិតប្រាកដ !?

ពិតណាស់ថា ប្រជាធិបតេយ្យសេរី គឺជាច្រកស្របច្បាប់តែមួយគត់ សម្រាប់ឱ្យអ្នកនយោបាយប្រកួតប្រជែងអំណាច ដឹកនាំប្រទេសតាមរយៈសន្លឹកឆ្នោត ហើយប្រជាពលរដ្ឋ ក៏អាចប្រើសិទ្ធិអំណាចរបស់ខ្លួនបាន តាមរយៈសន្លឹកឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនជឿទុកចិត្ត។ បើប្រជាពលរដ្ឋមិនអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋខ្មែរ ហើយធ្វើពហិការមិនទៅបោះឆ្នោត តាមការអំពាវនាវរបស់ សម រង្ស៊ី គឺមានន័យស្មើនឹងប្រជាពលរដ្ឋនោះ បោះបង់ចោលប្រជាធិបតេយ្យសេរី និងលះបង់ចោលសិទ្ធិអំណាចរបស់ខ្លួន។ ដូចនេះ សម្រាប់អ្នកស្រឡាញ់ប្រជាធិបតេយ្យសេរី និងស្រឡាញ់សិទ្ធិអំណាចរបស់ខ្លួនក្នុងការជ្រើសរើស មេដឹកនាំប្រទេស ត្រូវអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋ នឹងត្រូវទៅបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយកុំជឿ សម រង្ស៊ី ដែលជាអ្នកនយោបាយបោកប្រាស់ និងមានឧត្តមគតិជាតិនិយមក្លែងក្លាយ។ មានរឿងជាច្រើនដែលជាសម្តីប្រជាភិថុតិស្រដៀងគ្នានេះ ដែលកូនខ្មែរគប្បីចងចាំអំពីចរិតរបស់អ្នកនយោបាយប្រឆាំងរូបនេះ។

ទណ្ឌិត សម រង្ស៊ី ស្រែកថា ចង់បានណាស់ការអភិវឌ្ឍប្រទេស ប៉ុន្តែ បែរជាអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ បើដាក់ទណ្ឌកម្មសេដ្ឋកិច្ច តើប៉ះពាល់នរណាជាងគេ? ប្រាកដណាស់ ច្បាស់ជាប្រជាពលរដ្ឋខ្មែរទូទៅ ពិសេស បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ចុះបើស្រឡាញ់ប្រជាជន ចង់ឱ្យប្រជាជនមានជីវភាពល្អប្រសើរ ហេតុអ្វីបានជាអំពាវនាវឱ្យគេបិទរោងចក្រដែលជាឆ្នាំងបាយរបស់កម្មករ-កម្មការិនីទៅវិញ? ឃើញមេដឹកនាំនយោបាយក្នុងប្រទេសក្បែរខាងយើង គេមិនដែលធ្វើដូច សម រង្ស៊ី ឬក្រុមអ្នកនយោបាយប្រឆាំងខ្មែរឡើយ ដូចជា លោក ថាក់ ស៊ីន ឬលោកស្រី អ៊ុងសាន់ ស៊ូជី ឬលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាដើម។ ក្រុមអ្នកនយោបាយប្រឆាំងខ្មែរ បែរជាក្លាយខ្លួនទៅជាក្រុមអ្នកប្រឆាំងផលប្រយោជន៍ខ្មែរទៅវិញ!

អ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី បានស្រែកថា ចង់បានណាស់ឯករាជ្យ និងអធិបតេយ្យជាតិ ប៉ុន្តែបែរជាឱនក្បាលឱ្យបរទេសយកបាតជើងជាន់ពីលើ។ បើស្រឡាញ់ឯករាជ្យរបស់កម្ពុជា ហេតុអីរត់រកបរទេស អោយប្រើវិធានការដើម្បីត្រួតក្បាល និងព្រលឹងខ្មែរ?! តើបរទេសនេះ ជាម៉ែឪរបស់កម្ពុជា? ឯណាឧត្តមគតិជាតិ ដែលថាស្រឡាញ់ណាស់មាតុភូមិកម្ពុជានៃយើង? ទណ្ឌិត សម រង្ស៊ី ស្រែកថា ចង់បានណាស់សន្តិភាព និងភាពអហិង្សា ប៉ុន្តែបែរជាដឹកនាំបំផុសញុះញង់ឱ្យមហាជនចូលរួម ក្នុងចលនាបដិវត្តពណ៌ដើម្បីផ្តួលរំលំរដ្ឋអំណាច។ បើមានការផ្លាស់ប្តូររដ្ឋអំណាចតាមបែបបដិវត្តពណ៌ ដែលនាំទៅដល់ការបំផ្លាញសន្តិភាព និងបង្កើតជាសង្រ្គាមដូចនៅពិភពអារ៉ាប់ ជាពិសេស ស៊ីរី និងលីប៊ី តើអ្នកណាអ្នករងគ្រោះ? ច្បាស់ណាស់ បើមានសង្រ្គាមជាថ្មី គឺប្រទេសកម្ពុជា និងប្រជាជនខ្មែរទាំងមូលដែលនឹងរងគ្រោះ។ ហេតុអ្វីបានចាំបាច់ ត្រូវយកសន្តិភាព ដែលជាអាយុជីវិតប្រទេសជាតិទាំងមូល ដើម្បីធ្វើជាល្បែងនយោបាយសម្រាប់អំណាចរបស់ខ្លួន។

ទោះបីជាមានការព្យាយាមបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យកម្ពុជាដែលកំពុងមានសុខភាពល្អ និងរស់រវើកឱ្យស្លាប់ដូចការឃោសនាបោកប្រាស់ របស់ក្រុមអ្នកនយោបាយរត់ចោលស្រុក ប៉ុន្តែរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ នឹងមិនបណ្តាយឱ្យក្រុមជនក្បត់ជាតិមួយក្តាប់តូចបំផ្លាញការបោះឆ្នោតដែលជាចំណុចស្នូលនៃដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្សឡើយ។ ប្រជា ពកលរដ្ឋនឹងចេញទៅបោះឆ្នោតដើម្បីបង្ហាញនូវទឹកចិត្តស្រឡាញ់ និងការពារនូវលទ្ធិប្រជាធិបតេយ្យនិងអនុវត្តសិទ្ធិអំណាច ដែលខ្លួនមាននិងទទួលស្គាល់ដោយច្បាប់។

ដើម្បីការធានានូវសិទ្ធិអំណាចប្រជាពលរដ្ឋ និងការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សដែលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននេះ ពលរដ្ឋខ្មែរមានទំនុកចិត្ត និងការជឿជាក់ខ្ពស់បំផុត លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ មានការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងការអនុវត្តនីតិវិធីរៀបចំការបោះឆ្នោតនាពេលខាងមុខ ដើម្បីឱ្យប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងប្រកបដោយតម្លាភាព។

អ្វីដែលក្រុមអ្នកនយោបាយរត់ចោល ស្រុកមួយចំនួន បាននិងកំពុងធ្វើ រួមនឹងជួលបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ខ្មែរ ប្រឆាំងនឹងកម្ពុជាគឺពួកគេចាត់ទុកថា ជាមោទនភាពដែលបានជួយខ្មែរ ប៉ុន្តែនេះគឺជាអំនួតខុសក្បួនរបស់ក្រុមក្បត់ជាតិ និង ក្បត់ប្រជាជន ហើយទង្វើដែលពួកគេបានបានគឺជាការបីបិទសិទ្ធិអំណាចប្រជាពលរដ្ឋ និងបំផ្លាញលទ្ធិប្រជាធិ បតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨