(ភ្នំពេញ)៖ ចាប់តាំងពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំឱ្យមានព្រឹត្តិការណ៍ នៅវាលព្រះមេរុ គឺការត្បាញក្រមាវែងជាងគេលើពិភពលោក ប្រវែង១០០០ម៉ែត្រមក គេសង្កេតឃើញថា មានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនខ្មែរ ជាពិសេសយុវវ័យតែម្តង។

លោកព្រឹទ្ធាចារ្យ សាន គីមស៊ាន ឬលោកតាក្រមាមាស ដែលជាគ្រូក្បាច់គុនល្បុក្កតោ បានអះអាងថា ក្រមាដែលដូនតាខ្មែរបានបង្កើតមកនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់ប្រជាជនខ្មែរយើង ហើយក្រមាជាអាវុធសំខាន់ ដែលស្ថិតនៅក្នុងក្បាច់គុនកំពូលមួយរបស់ខ្មែរយើងផងដែរ។

លោកព្រឹទ្ធាចារ្យបានថ្លែងបែបនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកដឹកនាំក្រុមសម្តែងក្បាច់គុនល្បុក្កតោ ក្នុងទីតាំងយុទ្ធនាការក្រមា១០០០ម៉ែត្រ នៅពីមុខសាលាតម្បាញក្រមា ដែលស្ថិតនៅក្នុងវាលព្រះមេរុហ៍។

លោកបានបញ្ជាក់ថា «ក្រមារបស់ខ្មែរដែលដូនតាបានបង្កើតមក មានសារៈសំខាន់ខ្លាំងណាស់ក្នុងការរស់នៅរបស់ប្រជាជនខ្មែរ នាជំនាន់ដើម ក៏ដូចជាជំនាន់ថ្មីនេះផងដែរ។ យើងបកមកក្បាច់គុនវិញ ក្រមាគឺស្ថិតនៅក្នុងចង្កោមក្បាច់គុនកំពូលមួយរបស់ខ្មែរ ដែលដូនតាបង្កើតតាមក្បាច់គុនក្រមា មានក្រមាចងថ្នក់ ក្រមាថ្នក់មួយ ក្រមាថ្នក់ពីរ ក្រមាថ្នក់បី ក្រមាសើម ក្រមាអង្គុយរាប់រយក្បាច់»។

លោកតាក្រមាមាស បានបន្តថា ថ្វីត្បិតតែយុទ្ធនាការក្រមា១០០០ម៉ែត្រនេះ មានការលំបាកក្នងការត្បាញ ព្រោះតែទម្រាំបាន១ម៉ែត្រៗ មិនងាយនឹងធ្វើយ៉ាងណាក្តី ដោយសារក្រមាមានសរសៃរតូចពេក តែលោកជឿជាក់ថា ខ្មែរធ្វើបាន។

មុននឹងដឹកនាំសម្តែង លោកព្រឹទ្ធាចារ្យក៏បានសំណូមពរឲ្យ ប្រជាពលរដ្ឋទាំងអស់ចូលរួមត្បាញក្រមា ឲ្យបានគ្រប់ៗគ្នាដើម្បីឲ្យពិភពលោកបានដឹង និងបានយល់ថាក្រមារបស់ខ្មែរជាវត្ថុដ៏មានតម្លៃ ជាសម្បត្តិវប្បធម៌អរូបីមួយសម្រាប់មនុស្សជាតិទាំងមូលផងដែរ។

ប្រហែល១ខែ ២ខែទៀត ក្រមា១០០០ម៉ែត្រអាចនឹងត្រូវបានត្បាញចប់ហើយ តែមិនទាន់បញ្ជាក់ថ្ងៃខែបញ្ចប់ការត្បាញ នៅថ្ងៃណាឱ្យប្រាកដទេ។ ក្រមាដែលមានប្រវែងជាងនៅលើពិភពលោកនេះ ត្បាញបានជាង៧០០ម៉ែត្រ និងមានអ្នកចូលរួមត្បាញប្រមាណជិត ១០,០០០នាក់ ក្នុងនោះមានជនជាតិបរទេសចម្រុះជាតិសាសន៍ ប្រមាណ៦០០នាក់ បានចូលរួមត្បាញផងដែរ។ នេះបើតាម ក្រុមការងារដែលធ្វើការស្ម័គ្រចិត្តនៅទីនោះ បានបញ្ជាក់មកកាន់ភ្នាក់ងារ Fresh News កាលពីពេលថ្មីៗនេះ។

សូមជម្រាបថា យុទ្ធនាការក្រមា១០០០ម៉ែត្រ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរ ទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឱ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕