(កណ្តាល-កំពង់ស្ពឺ)៖ អគ្គិសនីកម្ពុជា (EDC) បានជូនដំណឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៤៣នាទី មានករណីដាច់ចរន្តអគ្គិសនីអនុស្ថានីយទី៤ (GS4-F3) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 EDC បញ្ជាក់ថា មូលហេតុនៃការដាច់ចរន្តនេះ បណ្តាលមកពីកម្មករសំណង់ធ្វើឲ្យថង់កៅស៊ូហើរទៅប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។ ក្រុមការងារបានធ្វើការយកថង់កៅស៊ូនោះចេញរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦៖៣១នាទី។

អគ្គិសនីកម្ពុជា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕