(ភ្នំពេញ)​​៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តជំរុញឲ្យពលរដ្ឋទាំងអស់ចងក្រងគ្នាជាសហគមន៍ និងពង្រីកសមាជិកឲ្យបានច្រើន ដើម្បីទទួលបានកម្ចីឥណទានមានអត្រាការប្រាក់ទាប ពីធនាគារអភិវឌ្ឍន៍ជនបទ។

ការជំរុញបែបនេះរបស់លោក ធ្វើឡើង​លោកចុះផ្សព្វផ្សាយគោលការណ៍ឥណទានសហគមន៍ ជូនដល់តំណាងសហគមន៍ប្រាំ ក្នុងស្រុកស្អាងខេត្តកណ្តាល រួមមាន៖ ១.គំនិតថ្មីក្រាំងយ៉ូវ, ២.កំណើតថ្មីកំពង់ពោធិ៍, ៣.ភូមិអណ្តូងរីកចំរើន, ៤.ស្អាងភ្នំរីកចំរើន,
៥.តានូសែនមានជ័យ។

កិច្ចប្រជុំផ្សព្វផ្សាយនោះ មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុកស្អាង និងឃុំក្រាំងយ៉ូវ, លោកប្រធានមន្ទីកសិកម្មខេត្តកណ្តាល, លោកបណ្ឌិត ប៉ក់ កាណាដា តំណាងលោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, លោកឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊នខ្មែរហ៊្វូតគ្រុប ដែលទទួលបានឥណទានពិសេសពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវនៅតំបន់ខេត្តព្រៃវែង និងកំពង់ស្ពឺ។

ក្នុងការចុះផ្សព្វផ្សាយនោះដែរ លោកអគ្គនាយកទទួលបាននូវសំណូមពរជាច្រើន ពីពលរដ្ឋអំពីការកម្ចីឥណទានអត្រាការប្រាក់ទាប ពីព្រោះកន្លងមកពលរដ្ឋត្រូវ ប្រឈមមុខនឹងការកម្ចីឥណទាន ពីស្ថាបនឯកជនដោយអត្រាការប្រាក់ខ្ពស់។

ថ្លែងចំពោះមុខពលរដ្ឋតំណាងសហគមន៍ចំនួន៥០រូប មកពីសហគមន៍ចំនួន៥ លោក កៅ ថាច បានបន្តជំរុញ និងលើកទឹកចិត្តឲ្យពលរដ្ឋបន្តចងក្រង​គ្នាជាសហគមន៍ និងពង្រីកសមាជិកឲ្យបានច្រើនថែមទៀត។ ដោយឡែក ចំពោះកម្ចីឥណទានដោយអត្រាការប្រាក់ទាប ធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ជូនសហគមន៍ ក្នុងករណីសហគមន៍មាន គុណវុឌ្ឍគ្រប់គ្រាន់ហើយធនាគារនឹងពិនិត្យលទ្ធភាពជូន។

លោកបានបញ្ជាក់ទៀតថា ចំពោះទីផ្សារស្រូវ លោកបានដោះស្រាយជូន តាមរយៈយន្តការទទួលទិញតាមតម្លៃទីផ្សារពីរោងម៉ាស៊ីនកិនស្រូវទាំងឡាយណាដែលកំពុង ទទួលបានឥណទានពិសេស ពីរាជរដ្ឋាភិបាលដែលផ្តល់ជូន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនេះ។

ក្នុងនោះដែរ លោក កៅ ថាច ក៏បានជំរុញឲ្យសហគមន៍ បន្តសកម្មភាពពង្រីកបន្ថែមក្រៅពី ការផលិតស្រូវដូចជា ការចញ្ចឹមសត្វ ការដាំដុះបន្លែជាដើម ហើយក្នុងករណីបងប្អូនខ្វះទុន បងប្អូនអាចធ្វើការខ្ចីឥណទានធនាគារអភិវឌ្ឍន៍ជនបទ ហើយធនាគាររីករាយសហការណ៍ ជាមួយបងប្អូនជានិច្ច។ ដោយឡែកក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប ក៏បានប្ដេជ្ញានឹងធ្វើការទទួលទិញស្រូវ ពីបងប្អូនតាមតំលៃទីផ្សារ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋជាសមាជិក សហគមន៍ កុំព្រួយបារម្ភពីបញ្ហានៃការទំលាក់ ថ្លៃស្រូវទៀតឡើយ.

សូមជម្រាបថា មកដល់បច្ចុប្បន្ននេះក្នុងសហគមន៍ទាំងប្រាំ ក្នុងឃុំក្រាំយ៉ូវ បានកសាងសមាជិកសរុបបានប្រហែល៤៥៦នាក់ និងមានផ្ទៃដីធ្វើស្រែប្រាំង និងវស្សាប្រហែល២២០ហិកតា លើផ្ទៃដីសរុបប្រមាណជាង២០០០ហិកតាក្នុងឃុំទាំងមូល៕