(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជិត៤ពាន់នាក់​ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ បានបញ្ជូនក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន២៩៧នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅវត្តអង្គនាល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ ចំនួន៣,៩៦៩នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺកុមារ២៧១នាក់, ជំងឺស្រ្តី១៩៧នាក់, ជំងឺផ្លូវចិត្ត១២៦នាក់, ជំងឺឫសដូងបាត១៩១នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៨៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៣១នាក់, ជំងឺភ្នែក៨១នាក់, ជំងឺសើរស្បែក៩២នាក់, ជំងឺទឹកនោមផ្អែ៨៤នាក់, ជំងឺមាត់ធ្មេញ៩៦នាក់, អេកូសាស្ត្រ១៧៩ ព្យាបាលរបួសនិងវះកាត់តូច៤៦ និងជំងឺទូទៅ២,៧៧៣នាក់ ។

ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយចំពោះពលរដ្ឋរស់នៅស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយសារតែមានការយកចិត្តទុកដាក់បញ្ហាសុខភាព របស់ប្រមុខរដ្ឋាភិបាល នៅតាមទីដាច់ស្រយ៉ាល់ ទាំងអស់នេះហើយក៏ត្រូវបានប្រជាពលរដ្ឋមានស្ញប់ស្ញែង និងថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខដឹកនាំប្រទេសនាពេលសព្វថ្ងៃនេះ។

ចំណាប់អារម្មណ៍ពលរដ្ឋក្រោយ ទទួលបានការពិគ្រោះយោបល់ជាមួយ ក្រុមគ្រូពេទ្យជំនាញវិញម្ដង, អ្នកស្រី ចាប មិញ មានវ័យ៤៨ឆ្នាំ រស់នៅភូមិត្រពាំងធ្លក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លើកឡើងថា លើកទី១ក្នុងជីវិតហើយ គាត់ទើបតែទទួលបានការព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គចិត្តរបស់ លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រប្រចាំខេត្តកំពង់ស្ពឺ។ លោកស្រីបន្តថា «សកម្មភាពនេះធ្វើឲ្យខ្ញុំនឹកថា នេះគឺជាការលះបង់របស់កូនសម្ដេច ហ៊ុន សែន។ ខ្ញុំសប្បាយចិត្តណាស់ដែលមើលជំងឺដោយមិនអស់លុយ»។

ទន្ទឹមនឹងនេះ លោក ជូ សំ រស់នៅឃុំស្វាយចចិប នៃខេត្តកំពង់ស្ពឺ ដែលមានអាការៈរោយ-ក និងរលោកក្រពះនោះបានបង្ហាញអារម្មណ៍រីករាយ ក្រោយទទួលបានសេវាព្យាបាលជំងឺដោយគិតថ្លៃនេះ។ លោក ជូ សំ ដែលជាសន្តិសុខនៅក្នុងភូមិបន្តថា «ខ្ញុំមិនដែលទទួលបានការមើលជំងឺអត់យកលុយបែបនេះពីមុនមកទេ។ ខ្ញុំអរគុណក្មួយៗ (ក្រុមគ្រូពេទ្យ) ណាស់ ដែលចុះមកព្យាបាលជំងឺខ្ញុំនៅពេលនេះ។ ហើយក៏អរគុណក្មួយ ហ៊ុន ម៉ានី ដែលត្រូវជាកូនសម្ដេចផងដែរ»។

ជាចុងក្រោយនោះ ពលរដ្ឋទាំង២រូប ដែលរស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្តែងការថ្លែងអំណរគុណ​ ដល់លោក ហ៊ុន ម៉ានី ដែលមានទឹកចិត្តសប្បុរសដោយបានបញ្ជូនក្រុមការងារគ្រូពេទ្យ មកព្យាបាល និងឲ្យថ្នាំពិសារមិនគិតប្រាក់ពីពួកគាត់ ។ ជាងនេះទៅទៀតនោះពលរដ្ឋទាំង២រូបនោះ ក៏បានស្នើដល់ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក លេង ផាលី ឲ្យឧស្សាហ៍ចុះមកព្យាបាលដល់ស្រុករបស់ពួកគាត់ ទៅតាមដែលអាចធ្វើទៅបាន។

ក្រុមគ្រូពេទ្យស័គ្រិចិត្ត លោក ហ៊ុន ម៉ានី កើតចេញពីការសហការគ្នា ក៏ដូចជាទឹកចិត្តសប្បុរសលះបង់កម្លាំងកាយចិត្ត របស់បងប្អូន គ្រូពេទ្យ វេជ្ជបណ្ឌិត និងប្អូនៗនិស្សិត នៅកម្ពុជា ដោយមានការចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៃកម្ពុជា ចូលរួមសហការដោយ លោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ រួមនឹងមានការចូលរួមសហការផ្សេងទៀត។

លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព មុននឹងរដូវភ្លៀងឈានចូលមកដល់នៅពេលខាងមុខនេះ ជាពិសេសនោះគឺការពិសារអាហារប្រចាំថ្ងៃនោះគឺ «ហូបស្អាត ផឹកស្អាត និងគេងស្អាត» ទាំងនេះជាធាតុចូលគ្នា នាំឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺប្រចាំកាយរបស់ពួកគាត់។

លោកបន្ថែមថា ការដែលប្រជាពលរដ្ឋសុខភាពល្អ ធ្វើឲ្យពួកគាត់ប្រកបការងារបានល្អ ដែលជាហេតុនាំឲ្យសេដ្ឋកិច្ចគ្រួសារដំណើរការទៅបានល្អ នោះនាំឲ្យសេដ្ឋកិច្ចជាតិ កាន់តែវិវឌ្ឍទៅមុខបានយ៉ាងល្អប្រសើផងដែរ។

សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,៥៤៤ (ពីរពាន់ ប្រាំរយ សែសិបបួន)នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤៤លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៩៨,០៦៣នាក់​(ម្ភៃប្រាំបួនម៉ឺន ប្រាំ៣ពាន់ សូន្យរយ ហុកសិបបីនាក់)។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕