(ភ្នំពេញ)៖ ក្រុមហ៊ុន Zhejiang Yalong Educational Equipment Jiont-Stock នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយជាសម្ភារអេឡិចត្រនិកមួយចំនួនដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងទទួលបង្រៀនឲ្យចេះប្រើប្រាស់សម្ភារទាំងនោះផងដែរ ដើម្បីបម្រើដល់វិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ពិធីប្រគល់-ទទួលសម្ភារខាងលើនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី យ៉ាង សៀវភីង អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) និងលោក ចិន ជីឈាំង ប្រធានក្រុមហ៊ុន Yalong នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បើតាមលិខិតបញ្ជាក់របស់ភាគីកម្ពុជា សម្ភារអេឡិចត្រនិកទាំងនោះនឹងយកទៅបំពាក់នៅសាលាមួយចំនួន នៅរាជធានីភ្នំពេញ ខេត្តតាកែវ សៀមរាប បាត់ដំបង កំពត និងខេត្តស្វាយរៀង។

លោក ពេជ សោភ័ន បានរៀបរាប់ពីផលប្រយោជន៍សម្ភារទាំងនេះថា នៅពេលយកទៅប្រើប្រាស់ក្នុងការណ្ដុះបណ្ដាលសិស្ស-និស្សិត វានឹងធ្វើឲ្យពួកគេមានភាពងាយស្រួលក្នុងការធ្វើការងារបានកាន់តែល្អ បង្កើនគុណភាពនៃការបណ្ដុះបណ្ដាល រីឯសិស្ស-និស្សិតក៏កាន់តែមានសមត្ថភាពខ្ពស់នៅពេលចេញធ្វើការ។

លោកបន្តថា ភាគីចិន និងក្រុមហ៊ុន Yalong គេរ៉ាប់រង និងផ្ដល់ជំនួយបន្ថែមទៀតច្រើនណាស់ដល់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែជួយផ្នែកសម្ភារទាំងនេះទេ តែក៏ជួយខាងផ្នែកបណ្ដុះបណ្ដាលទៀតផងដែរ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ភាគីក្រុមហ៊ុន Yalong ក៏បានស្នើឲ្យកម្ពុជាបង្កើតកិច្ចសហប្រតិបត្តិការផ្ដាច់មុខមួយជាមួយក្រុមហ៊ុន ក្នុងសាលាបណ្ដុះបណ្ដាលណាមួយ ហើយក្រុមហ៊ុននេះក៏នឹងជួយបំពាក់សម្ភារបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឲ្យសាលានោះជាសាលាមួយមានភាពជឿនលឿនទំនើបជាងគេនៅកម្ពុជា លើផ្នែកអគ្គិសនី អេឡិចត្រនិក និងស្វ័យប្រវត្តិកម្ម។

លោក ចិន ជីឈាំង បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុន Yalong ផ្ដល់ជំនួយសម្ភារៈទាំងនេះដល់កម្ពុជា គឺដោយសារកម្ពុជាចិនមានទំនាក់ទំនងល្អជាមួយចិន និងយូរអង្វែងថែមទៀត។ មិនតែប៉ុណ្ណោះ កម្ពុជាបានគាំទ្រគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិនផងដែរ ដូច្នេះហើយទើបធ្វើឲ្យក្រុមហ៊ុន Yalong មានចំណាប់អារម្មណ៍ចង់បង្កើនសមត្ថភាពបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជា និងផ្ដល់ជាជំនួយផ្សេងៗដល់កម្ពុជាផងដែរ។

លោក ចិន បានបន្តថា តបតាមការស្នើរបស់លោក ពេជ សោភ័ន ភាគីក្រុមហ៊ុន Yalong របស់លោក នឹងព្យាយាមដោះស្រាយជូនភាគីកម្ពុជាតាមសំណើ និងសេចក្ដីត្រូវការនានា។

លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ ក៏បានឲ្យដឹងដែរថា សម្ភារដែលទទួលបាននេះ ក្រសួងអប់រំនឹងយកទៅបំពាក់នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។

ទាំងលោករដ្ឋលេខាធិការ ពេជ សោភ័ន និងលោករដ្ឋលេខាធិការ អ៊ឹម កុច សុទ្ធតែបានថ្លែងអំណរគុណចំពោះ ACC និងក្រុមហ៊ុន Zhejiang Yalong Educational Equipment Jiont-Stock ដែលបានផ្ដល់ជំនួយសម្ភារៈទាំងនេះ និងបន្តផ្ដល់ជំនួយបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា៕