(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ជាប្រធានសហជីពមួយរូបនោះ បានប្រកាសអំពាវនាវស្វែងរកការជួយទំនុកបម្រុងបន្ថែមដល់ការចិញ្ចឹមបីបាច់ទារកអភ័ព្វម្នាក់ ដែលត្រូវម្ដាយជាកម្មការិនីបង្កើតទុកចោលក្នុងបន្ទប់ទឹក ក្នុងរោងចក្រផលិតស្បែកជើង វីងស្តារស៊ូ នៅខេត្តកំពង់ស្ពឺ បន្ទាប់ពីខ្លួនលោកក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនផងដែរ ដល់គ្រួសារកម្មករដែលបាននាំយកទារកខាងលើទៅសង្គ្រោះនៅមន្ទីរពេទ្យ និងទទួលចិញ្ចឹមដូចជាកូនផ្ទាល់ខ្លួន។

លោក ប៉ាវ ស៊ីណា បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស រួមទាំងមិត្តភក្តិ សូមមេត្តាចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាព ដើម្បីយកមកចំណាយលើការសង្គ្រោះទារកអភ័ព្វ ដែលត្រូវម្តាយជាកម្មការិនីធ្វើការនៅរោងចក្រផលិតស្បែកជើង វីងស្តារស៊ូ បង្កើតទុកចោលនៅក្នុងបន្ទប់ទឹកក្នុងរោងចក្រ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

ដោយក្តីមេត្តាករុណា និងអាណិតអាសូរទារកអភ័ព្វនេះ ទោះបីមានជីវភាពខ្វះខាតយ៉ាងណាក៏ដោយ ក៏អ្នកស្រី សែន សុគា និងស្វាមី ដែលជាកម្មករបម្រើការងារនៅរោងចក្រផលិតស្បែកជើង វីងស្តារស៊ូដូចគ្នា មិនពិចារណាអ្វីទាំងអស់ គឺយកទារកអភ័ព្វនេះមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ដោយលះបង់ថវិកាផ្ទាល់ខ្លួនរ៉ាប់រងលើការចំណាយផ្សេងៗនៅមន្ទីរពេទ្យ និងសម្រេចយកទារកអភ័ព្វនេះ ធ្វើជាកូនចាប់ពីពេលនេះតទៅ។

លោកបន្តថា បច្ចុប្បន្នស្ថានភាពទារកអភ័ព្វនេះ គឺកំពុងស្ថិតក្នុការសង្គ្រោះនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ដោយសារទារកនេះកើតមិនគ្រប់ខែ ការបង្កើតក្នុងបន្ទប់ទឹកគ្មានអនាម័យ សុខភាពទារកកំពុងស្ថិតក្នុងការតាមដានពីក្រុមគ្រូពេទ្យមួយរយៈ រហូតទារកមានសុខភាពល្អ ទើបអាចចាកចេញពីមន្ទីរពេទ្យបាន។

សប្បុរសជនអាចទាក់ទងទូរស័ព្ទទៅកាន់លោក ប៉ាវ ស៊ីណា តាមរយៈលេខ 012 263 543 ឬលេខអ្នកស្រី សែន សុគា
070 593 321 ឬផ្ញើរទៅកាន់ឆាតហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា ក៏បាន៕