(ភ្នំពេញ)៖ រថយន្ដគ្លីនិកចល័តចំនួន២០គ្រឿង ជាជំនួយឥតសំណងរបស់មិត្ដចិន បានប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្ដចំនួន១១រួចរាល់អស់ហើយ នៅថ្ងៃទី២១ ខែឧសភានេះ បន្ទាប់ពីក្រសួងសុខាភិបាល បានធ្វើការបណ្ដុះបណ្ដាល ទាំងការប្រើប្រាស់ រថយន្ដ និងសម្ភារបរិក្ខារពេទ្យ ដែលបំពាក់ក្នុងរថយន្ដនោះ រយៈពេល១សប្ដាហ៍ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ។​ នេះបើតាមការលើកឡើង របស់លោកស្រី យក់ សម្បត្តិ អគ្គនាយករដ្ឋបាល​ និងហិរញ្ញវត្ថុ​ នៃក្រសួងសុខាភិបាល ។

លោកស្រីវេជ្ជបណ្ឌិត ថ្លែងបន្ដថា រថយន្តគ្លីនិកចល័តនេះ ត្រូវបានបំពាក់ដោយសម្ភារបរិក្ខារពេទ្យ មានដូចជា ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត និងគ្រឿងបន្លាស់សរុប ៥% នៃសម្ភារបរិក្ខារពេទ្យទាំងអស់។

លោកស្រីវេជ្ជបណ្ឌិត ថ្លែងទៀតថា «ដើម្បីផ្ដល់សេវាសុខាភិបាលឲ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ រថយន្ដគ្លីនិកចល័តនេះ យើងបានរៀបចំរួចជាស្រេច ទាំងអ្នកជំនាញបើកបររថយន្ដ គ្រូពេទ្យឯកទេសព្យាបាល និងឱសថ បរិក្ខារពេទ្យ ពិសេសយើងមានគ្រូពេទ្យឯកទេសមកពីយូណាន ប្រទេសចិន ចំនួន២០រូបផងដែរ នៅតាមរថយន្ដគ្លីនិកចល័តទាំងអស់នោះ ។​ ជាក់ស្ដែងនៅថ្ងៃនេះ គ្រូពេទ្យពីយូណាន នឹងចុះទៅខេត្ដបាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ដើម្បីសាកល្បងក្នុងការប្រើប្រាស់ និងផ្ដល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ»

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «រថយន្ដគ្លីនិកចល័តទាំង២០គ្រឿងនេះ ជាជំហានដំបូងយើង ប្រគល់ជូនទៅមន្ទីរសុខាភិបាលចំនួន១១ខេត្ដសិន ជំហានបន្ទាប់ទៀតយើង នឹងចែកជូនឲ្យគ្រប់ទូទាំង២៥ខេត្ដ-ក្រុង ពេលដែលចិន ប្រគល់មកក្រសួងយើងចំនួន២០គ្រឿងនៅពេលខាងមុខ ។ដូចនេះប្រជាពលរដ្ឋយើង នៅតាមសហគមន៍ នឹងទទួលបានសេវាព្យាបាលកាន់តែប្រសើរ ពេលដែលយើងបានបង្ខិតសេវាព្យាបាលនេះ កាន់តែជិតផ្ទះពួកគាត់»

ទន្ទឹមនឹងនោះ លោកស្រី យក់ សម្បត្ដិ ក៏បានធ្វើការអំពាវនាវ ដល់អ្នកទទួលខុសត្រូវលើរថយន្ដនេះទាំងអស់ ត្រូវយកចិត្ដទុកដាក់ លើការពិនិត្យព្យាបាលប្រជាពលរដ្ឋ រួមទាំងសម្ភារៈប្រើប្រាស់ ក្នុងនោះផងដែរ ហើយក្រសួង នឹងរៀបចំក្រុមការងារ តាមដាន ត្រួតពិនិត្យជាបន្ដបន្ទាប់ ដើម្បីធានាថា ការប្រើប្រាស់រថយន្ដប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជូនប្រជាពលរដ្ឋ​ពិតប្រាកដមែន។

សូមជម្រាបថា ពិធីប្រគល់-ទទួលរថយន្តគ្លីនិកចល័តចំនួន២០គ្រឿង ក្នុងចំណោមរថយន្តគ្លីនិកចល័ត៤០គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានប្រគល់ជូនក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែឧសភាកន្លងទៅថ្មីៗនេះ នៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត គឺបានធ្វើឡើងក្រោមអធិបតីភាព របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង៕