(ភ្នំពេញ)៖ តារាកំប្លែងនាយ ពែក មី ស្នើ​​ឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ និងថ្នាក់ដឹកនាំ​​ជួយអន្តរាគមន៍រកយុត្តិធម៌ ក្រោយ​រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ​2AP-0198 ​ដេញបុកម៉ូតូប្អូនប្រុសរបស់លោក បណ្ដាលឲ្យទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ រងរបួសយ៉ាងធ្ងន់ធ្ងរក្អួតធ្លាក់ឈាម ហើយ​បើករថយន្ដ​គេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ រយៈពេល៩ថ្ងៃមកហើយ នូវពុំទាន់រកឃើញជនបង្ក និងគ្មានដំណោះស្រាយ​សោះ។

​តារាកំប្លែងនាយ ពែក មី ​បានបង្ហោះសារ លើបណ្ដាញព័ត៌មានសង្គម Facepook បានបង្ហាញយ៉ាងដូច្នេះថា «​​មានរថយន្ត១គ្រឿងដេញបុកម៉ូតូប្អូនប្រុសរបស់ខ្ញុំ ធ្វើឲ្យគ្នាភ័យស្លន់ស្លោរទៅដល់បុករបងផ្ទះប្រជាជនរងរបួសយ៉ាងធ្ងន់ធ្ងរ មកទល់ពេលនេះ តាំងពីថ្ងៃទី១០ ខែ៥ ឆ្នាំ២០១៨ មកដល់ថ្ងៃទី១៩ មានរយៈពេល៩ថ្ងៃ ហើយប្អូនប្រុសរបស់ខ្ញុំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រងរបួសយ៉ាងធ្ងន់ធ្ងរ។ រយៈពេល៩ថ្ងៃមកនេះ ទៅជាក្អួតមកសុទ្ធតែឈាម ឥឡូវពួកខ្ញុំព្រួយ បារម្មណ៍អស់សង្ឃឹម ក្នុងមន្ទីរពេទ្យកាល់ម៉ែត គ្រោងបញ្ជូនទៅប្រទេសវៀតណាម ដើម្បីព្យាបាលបន្ត ករណីនេះពួកយើងខ្ញុំ​បានដាក់ពាក្យបណ្ដឹង ទៅប៉ូលីស​ខណ្ឌឫស្សីកែវ ជួយរកយុត្តិធម៌ជូនប្អូនប្រុសខ្ញុំ ប៉ុន្តែមកទល់ពេលនេះ​ប៉ូលីសមិនទាន់ដោះស្រាយ នៅឡើយទេ​៩ថ្ងៃហើយ អញ្ជឹងខ្ញុំបាទ វីដេអូឃ្លឹបនេះ សូមអំពាវនាវ​បងៗសមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ដូចជាសមត្ថកិច្ចខាងលើៗទៀត សូមមេត្តាជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ជូនប្អូនប្រុសខ្ញុំផង»

ពាក់ព័ន្ធបញ្ហានេះ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ​ករណីដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨​ សមត្ថកិច្ចខណ្ឌឫស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ​ជំរុញលើវិធានការជំនាញទាំងនីតិវិធី និងប្រតិបត្តិការ តាមអនុសាសន៍ដឹកនាំ និងបទបញ្ជារបស់​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះសូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជន​មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ច។

​លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ​បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី​ អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌរស្សីកែវ​។ រីឯជនរងគ្រោះឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ។

របាយការណ៍របស់ លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន ​បានបង្ហាញ​ថា ជនរងគ្រោះជិះបើកម៉ូតូស្មាស់ ចូលទៅផ្ទះតាមផ្លូវបុរីពិភពថ្មីអាងទឹក ភ្លាមៗនោះ ស្រាប់តែអ្នកបើកបររថយន្ដធុនត្រា បានបើកយ៉ាងលឿនដេញពីក្រោយ​ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្មាស់ ទៅបុក​របងទ្វារផ្ទះដួលតែម្ដង ចំណែករថយន្ដធុនត្រា ក៏បើកបត់ស្ដាំគេចខ្លួនតែម្ដង។ ក្រោយកើតហេតុកម្លាំងខណ្ឌ និងប៉ុស្ដិ៍ចុះស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ ដើម្បីកសាងសំណុំរឿង ទៅសាលាដំបូងរាជធានី អនុវត្តតាមនិតិវិធី។

របាយការណ៍ដដែល បានបញ្ជាក់ថា យោងតាមកំណត់ហេតុស្ដាប់ការបំភ្លឺរបស់ឈ្មោះ ឌីមេ ស្វាណាន់ និងឈ្មោះ ផាត់ ចាន់រ័ត្ន សន្និដ្ឋានថា ជនសង្ស័យឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី ពិតជាបានប្រព្រឹត្តហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (បើករថយន្ដដេញបុកបណ្ដាលឲ្យ ជនរងគ្រោះបុកជញ្ជាំងរបងទ្វារផ្ទះរងរបួសធ្ងន់) ពិតប្រាកដមែន៕