(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ ប្រចាំសប្ដាហ៍ទី៦ នៅថ្ងៃទី២០ ខែឧសភា គឺមាន ៤ប្រកួត ដែលសុទ្ធតែជំនួបដ៏ជក់ចិត្ត ពិសេសជំនួបរវាងក្រុមការពារតំណែងជើងឯកបឹងកេត និងក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ព្រះខ័នរាជស្វាយរៀង ដែលនឹងធ្វើឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់) ។

ជំនួបក្រុមខ្លាំងទាំងពីរ ត្រូវបានចាត់ទុកជាគូឯកប្រចាំថ្ងៃនេះ ប៉ុន្ដែបើក្រឡេកមើលលទ្ធផលជួបគ្នា ២ជើងកាលពីរដូវកាលមុន គឺក្រុមមានប្រភពពីខេត្តកំពង់ចាមបឹងកេត មានប្រៀបជាងដោយជើងទី១ ស្មើគ្នា ២-២ ខណៈជើងទី២ ក្រុមបឹងកេត ទទួលបានជ័យជម្នះក្នុងលទ្ធផល ២-០ ។ យ៉ាងណាមិញសម្រាប់ជំនួបនាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅមិនទាន់ដឹងក្រុមណាមានប្រៀបជាងក្រុមណានោះទេ ដោយសាររដូវកាលនេះ ក្រុមទាំងពីរ សុទ្ធតែត្រៀមខ្លួនបានយ៉ាងល្អរៀងៗខ្លួន ។

ក្រឡេកមើលលទ្ធផលគូឯកកាលពីម្សិលមិញវិញ គឺក្រុមចំណូលថ្មី វិសាខា បានធ្វើឲ្យក្រុមជើងឯករង ២ជំនាន់ក្រសួងការពារជាតិ ក្រោយយកឈ្នះក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានវេស្ទើន ដែលធ្វើសម្រេចដោយអតីតកីឡាករយុវជនក្រុមសាលាបាល់ទាត់ជាតិបាទី សាន គឹមហេង នាំឲ្យក្រុមវិសាខា មាន ១៣ពិន្ទុស្មើក្រុមលំដាប់កំពូលតារាងណាហ្គាវើល និងបឹងកេតជាបណ្ដោះអាសន្ន ។ រីឯលទ្ធផល ១ប្រកួតទៀត គឺក្រុមអាស៊ីអឺរ៉ុប បានត្រឹមស្មើក្រុមអង្គរថាយហ្គឺរ លើទឹកដីរបស់ខ្លួនជាមួយនឹងលទ្ធផល ២-២ ៕

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៦ នៃពានមិត្តហ្វូនខេមបូឌានលីគ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨៖