(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងថា​ ការឃោសនា និងការប្រេីឧបាយកលមិនឲ្យប្រជាជនទៅបោះឆ្នោត គឺជាការប្រឆាំងនឹងច្បាប់ ចំណែកឯការលេីកទឹកចិត្ត និងឃោសនាឲ្យប្រជាជនទៅបោះឆ្នោតគឺជាការត្រឹមត្រូវស្របតាមច្បាប់។

លោក សុខ ឥសាន បានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ពករដ្ឋគ្រប់រូបមានសិទ្ធិទៅបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ ការឃោសនា និងការប្រេីឧបាយកលមិនឲ្យប្រជាជនទៅបោះឆ្នោត គឺជាការប្រឆាំងនឹងច្បាប់។ ការលេីកទឹកចិត្ត និងឃោសនាឲ្យប្រជាជនទៅបោះឆ្នោតគឺជាការត្រឹមត្រូវស្របតាមច្បាប់។

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានអំពាវនាវ និងឃោសនាផ្សព្វផ្សាយ កុំឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បើសិនជាមិនមាន អតីតគណបក្សសង្រ្គោះជាតិចូលរួម។ បន្ទាប់ពីមានការអំពាវនាវបែបនេះ មានសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិមួយចំនួន បានចាប់ផ្តើមឃោសនា នៅតាមបណ្តាញសង្គមថា ពួកគេសុខចិត្តដេកផ្ទះ មិនទៅបោះឆ្នោតឡើយ។

លោក សុខ ឥសាន បានបន្តទៀតថា ការរៀបចំការបោះឆ្នោតស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងច្បាប់ គ្រប់គ្រង និងដំណេីរការស្របតាមច្បា់ប់ដោយ គជប គឺជាការបោះឆ្នោតត្រឹមត្រូវនិងពិតប្រាកដ។ ច្បាប់នានា មិនបានកំណត់ថា លុះត្រាតែមានវត្តមានអតីតៈបក្សប្រឆាំង ទេីបជាការបោះឆ្នោតត្រឹមត្រូវនោះទេ។ គ្រប់គណបក្សដែលបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងនហាផ្ទៃ សុទ្ធតែអាចមានសិទ្ធិចូលរួមក្នុងការបោះឆ្នោត តាមឆន្ទៈរបស់ខ្លួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា ការបោះឆ្នោតត្រឹមត្រូវ ឬមិនត្រឹមត្រូវ មិនអាស្រ័យលេីការវាយតម្លៃរបស់ពួកទណ្ឌិត និងពួកក្បត់ជាតិទេ។ លទ្ធិប្រជាធិបតេយ្យជារបស់ប្រជាជនកម្ពុជា មិនមែនជាកម្មសិទ្ធិរបស់ជនណា ឬគណបក្សណាមួយឡេីយ។ គណបក្សនយោបាយច្រេីន ដែលបានចុះឈ្មោះប្រកួតប្រជែងបោះឆ្នោត បញ្ជាក់ច្បាស់ថា នៅកម្ពុជា នៅតែប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដដែល ទោះបីគ្មានអតីតៈបក្សប្រឆាំងក្តី ។

លោក សុខ ឥសាន បានបន្តទៀតថា អតីតបក្សប្រឆាំង ត្រូវរំលាយ និងអស់សិទ្ធិធ្វេីនយោបាយ ដោយសារផ្ទាល់ខ្លួនគណបក្សនេះ បានរំលោភច្បាប់ និងរំលោភឆន្ទៈរបស់ប្រជាជន ដែលបានបោះឆ្នោតឲ្យខ្លួន តាមរយៈការប្រកាសបដិសេធលទ្ធផលបោះឆ្នោតកាលពីឆ្នាំ ២០១៣មក៕