(ភ្នំពេញ)៖ ជាទូទៅនៅពេលដែលគេនិយាយដល់ពាក្យថា «មេធាវី» នោះគ្រប់គ្នាប្រាកដណាស់ថា គឺសំដៅលើអ្នកច្បាប់ ជាបុគ្គលដែលធ្វើការក្នុងវិស័យច្បាប់។ ប៉ុន្តែនៅក្នុងសង្គម កម្ពុជាបច្ចុប្បន្ន ក៏នៅមានពលរដ្ឋមិនតិចឡើយដែលមិនទាន់យល់ច្បាស់លាស់អំពីតួនាទី និងភារៈកិច្ចរបស់មេធាវី ។ ពលរដ្ឋមួយចំនួននៅយល់ច្រឡំថា មេធាវី គឺជាតួនាទីមួយក្នុងចំណោម តួនាទីដទៃទៀតក្នុងស្ថាប័នតុលាការ ដូចជា ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីជាដើម ។ ពលរដ្ឋខ្លះរឹតតែភ័ន្តច្រឡំថា មេធាវី គឺជាអ្នកដោះស្រាយ ឬ ជាអ្នកសម្រេចសេចក្តីឲ្យគូវិវាទក្នុងស្ថាប័នតុលាការទៅវិញ។ ដើម្បីជៀសវាងការភ័ន្តច្រឡំ និងពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិសិ្សតគម្រោងបង្កើនការយល់ដឹង ផ្នែកច្បាប់របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សហការជាមួយនឹងអង្គភាពព័ត៌មាន Fresh News សូមលើកយកប្រធានបទ «តើមេធាវីជានរណា?» មកធ្វើការបង្ហាញដូចតទៅ៖

មេធាវីគឺជាវិជ្ជាជីវៈមួយ ដែលមានលក្ខណៈឯករាជ្យ និងសេរី ត្រូវបានបង្កើតឡើងដើម្បីចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈនេះអាចប្រព្រឹត្តទៅបានតែក្នុង ក្របខ័ណ្ឌនៃគណៈមេធាវីតែប៉ុណ្ណោះ នេះបើយោងតាមមាត្រា១ នៃច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ។ អាជីព ឬមុខរបរជាមេធាវីនេះ បានកើតមានឡើងតាំងពីសតវត្សរ៍ទី៥ មុនគ្រិស្តសករាជមកម្លេះ នៅឯទីក្រុងអាតែន ប្រទេសកិ្រច ដែលពេលនោះ មេធាវី គឺជាអ្នកប្រកបរបរស៊ីឈ្នួលនិយាយ ឬ ជជែកពិភាក្សាដេញដោលដោយយកកម្រៃ។ ជាបន្តបន្ទាប់វិជ្ជាជីវៈនេះ ត្រូវបានវិវត្តន៍ទៅតាមចរន្តនៃការរីកចម្រើនរបស់ពិភពលោក ហើយត្រូវបានចងក្រងជាបទដ្ឋាននៃក្របខ័ណ្ឌវិជ្ជាជីវៈជាក់លាក់មួយ។
ដោយឡែកសម្រាប់សង្គមកម្ពុជាវិជ្ជាជីវៈមេធាវីទើបតែហូរចូលក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះតែប៉ុណ្ណោះ។ នៅដើមសតវត្សរ៍ទី២០ អំឡុងទសវត្សរ៍ឆ្នាំ១៩៣០ វិជ្ជាជីវៈមេធាវីត្រូវបានលេចរូបរាងជាផ្លូវការ តាមរយៈព្រះរាជប្រកាសរបស់ព្រះមហាក្សត្រ ប៉ុន្តែនាពេលនោះវិជ្ជាជីវៈនេះ ត្រូវបានគេហៅថា «វិជ្ជាជីវៈស្មាក្តី» ហើយអ្នកអនុវត្ត វិជ្ជាជីវៈនេះហៅថា «អ្នកថណាយក្តី»។ ដោយសារការវិវត្តន៍របស់សង្គមជាតិ ព្រមជាមួយនឹងការដាក់ចេញនូវបទបញ្ញត្តិជាច្រើនដោយរដ្ឋ ដើម្បីធ្វើការគ្រប់គ្រងនូវការវិវត្តន៍ទាំងនោះ បានធ្វើឲ្យវិជ្ជាជីវៈស្មាក្តីកាន់តែផុសអណ្តែតឡើងក្នុងសកម្មភាពសង្គម ដើម្បីចូលរួមសម្របសម្រួលដល់ការប្រាស្រ័យទាក់ទងទាំងក្នុងជីវិតឯកជន និងវិស័យពាណិជ្ជកម្ម របស់ប្រជាពលរដ្ឋ ហើយបន្ទាប់មក វិជ្ជាជីវៈនេះត្រូវបានប្រែក្លាយមកជាវិជ្ជាជីវៈមេធាវី។ យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ពាក្យថាមេធាវី គឺមកពីពាក្យថា «មេធា» ដែលមានន័យថា “អ្នកប្រាជ្ញ” ។

បច្ចុប្បន្ននេះ វិជ្ជាជីវៈមេធាវីត្រូវបានដាក់ឲ្យស្ថិតនៅក្រោមក្របខ័ណ្ឌនៃវិធានវិជ្ជាជីវៈមេធាវី ដែលរួមមានច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ។ មេធាវីមិនមែនជាមន្រ្តីក្នុងក្របខ័ណ្ឌតុលាការ ឬ របស់ក្រសួងយុត្តិធម៌ និងរិតតែមិនមែនជាបុគ្គលរដ្ឋ (មន្រ្តីរាជការ) នោះទេ ។ ហេតុដូច្នេះ មេធាវីពុំមានប្រាក់បៀរវត្សឡើយ ហើយការប្រកបអាជីពជាមេធាវីនេះ ក៏មិនមានការកំណត់អាយុ ឬ លក្ខខណ្ឌចូលនិវត្តន៍ឡើយ គឺ អ្នកប្រកបអាជីពមេធាវីអាចប្រកបបានមួយជីវិត លើកលែងតែក្នុងករណីសាមីខ្លួនសុំលាលែង ឬ ទទួលរងវិន័យដោយការលុបឈ្មោះដោយគណៈមេធាវី ឬ ទទួលការផ្តន្ទាទោសព្រហ្មទណ្ឌណាមួយ ។ ដោយសារមេធាវីមិនមែនជាមន្រ្តីរាជការ ហើយក៏មិនមានប្រាក់បៀរវត្ស ដូចនេះ ច្បាប់បានកំណត់ឲ្យមេធាវីបំពេញការងារផ្តល់សេវាកម្មច្បាប់ដោយយកកម្រៃពីអតិថិជន ឬ កូនក្តី ក៏មានដែរករណីដែលមេធាវីផ្តល់សេវាមិនយកកម្រៃ ដូចជាករណី ការពារក្តីជូនជនក្រីក្រតាមការចាត់តាំងរបស់គណៈមេធាវី ឬ តាមការសម្រេចរបស់សាម៉ីខ្លួនមេធាវីផ្ទាល់ ។

ថ្វីត្បិតតែមេធាវី មិនមែនជាមន្រ្តីក្នុងក្របខ័ណ្ឌតុលាការ ឬ ក្រសួងយុត្តិធម៌ ប៉ុន្តែមេធាវីដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌ ពង្រឹងនីតិរដ្ឋ និងការពារសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ មេធាវី ត្រូវបានប្រគល់សិទ្ធិ និងទទួលការពឹងពាក់ឲ្យការពារដោយកូនក្តី ឬ អតិថិជន ដើម្បីប្រើឲ្យអស់លទ្ធភាពនូវខាងមធ្យោបាយបច្ចេកទេសច្បាប់ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនកូនក្តី និងអតិថិជន ។ ការស្វែងរកមេធាវីធ្វើជាអ្នកតំណាង ឬ ការពារតាមផ្លូវច្បាប់ គឺជាសេរីភាព និងឆន្ទៈរបស់កូនក្តី ប៉ុន្តែ ករណីពិសេសមួយចំនួន ច្បាប់បានកំណត់ថា ត្រូវតែមានមេធាវីជួយការពារក្តីជាដាច់ខាត ដូចជាករណី ជនជាប់ចោទជាអនីតិជន ឬ ជនជាប់ចោទក្នុងបទល្មើសឧក្រិដ្ឋជាដើម ។ ករណីនេះ បើជនជាប់ចោទមិនមានលទ្ធភាពរកមេធាវី តុលាការត្រូវធ្វើការស្នើសុំទៅគណៈមេធាវី ដើម្បីចាត់តាំងមេធាវីមកធ្វើការការពារក្តីជូន ។

អំពីឯករាជ្យភាព និងសេរីរបស់មេធាវី បើយោងតាមមាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដែលត្រូវបានអនុម័តកាលពីឆ្នាំ១៩៩៥ បានចែងថា «វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបម្រើវិស័យយុត្តិធម៌ វិជ្ជាជីវៈមេធាវីប្រព្រឹត្តទៅបានតែក្នុងក្របខណ្ឌនៃគណៈមេធាវី»។ ខ្លឹមសារនៃមាត្រានេះបានបង្ហាញថា មេធាវីត្រូវប្រកបវិជ្ជាជីវៈដោយឯករាជ្យ មិនស្ថិតក្រោមការគៀបសង្កត់ ឬការបញ្ជាពីបុគ្គលណាមួយទ្បើយ ទោះបីមានការបង្គាប់បញ្ជាពីប្រធានគណៈមេធាវីក៏ដោយ។ ទន្ទឹមនឹងនេះមេធាវីមានសេរីភាពពេញលេញក្នុង ការទទួល ឬមិនទទួលជួបពិគ្រោះយោបល់ជាមួយអតិថិជន ឬបដិសេធមិនទទួលជួយការពាររឿងក្តីណាមួយ ដែលខ្លួនយល់ថាមានលក្ខណៈស្មុគស្មាញ ផ្ទុយនឹងច្បាប់ និងផ្ទុយពីសម្បជញ្ញៈរបស់ខ្លួន។

មេធាវីមានសេរីភាពក្នុងការប្រកបវិជ្ជាជីវៈនៅគ្រប់ទីកន្លែងក្នុងដែនដីព្រះរាជាណាចក្រកម្ពុជា។ ដោយទ្បែកបុគ្គលដែលជាមេធាវីត្រូវស្ថិតក្រោមការគ្រប់គ្រងដោយគណៈមេធាវី ដែលជាស្ថាប័នមួយមានសិទិ្ធតាមផ្លូវច្បាប់ក្នុងការតាមដាន ត្រួតពិនិត្យមេធាវីរូបណាដែលអនុវត្តផ្ទុយនឹងវិធានវិជ្ជាជីវៈ ។

មេធាវីអាចបំពេញតួនាទីដូចខាងក្រោម ៖

* មេធាវីអាចតំណាងកូនក្តីក្នុងរឿងក្តីរដ្ឋប្បវេណីតាមការយល់ព្រមពីកូនក្តី តាមរយៈលិខិតប្រគល់សិទិ្ធជាមេធាវីតំណាងដោយអាណត្តិនៅគ្រប់សាលាជម្រះក្តី និងគ្រប់ដំណាក់កាល នៃនីតិវិធី លើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះជាពិសេសក្នុងរឿងរដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល ការងារ សង្គមកិច្ច។ នៅក្នុងរឿងក្តីខាងលើនេះ មេធាវីដើរតួនាទីយ៉ាងសកម្មក្នុងការស្វែងភស្តុតាងបង្ហាញជូនតុលាការ។

* មេធាវីអាចការពារសិទ្ធិជនសង្ស័យ ជនត្រូវចោទ និងជនចាប់ចោទ តាមរយៈពាក្យសុំពឹងពាក់មេធាវីក្នុងរឿងក្តីព្រហ្មទណ្ឌ ប៉ុន្តែមេធាវីមិនអាចតំណាងជនទាំងនោះបានទ្បើយ លើកលែងតែក្នុងករណីអនុវត្តបទបញ្ញត្តិពិសេសនៃច្បាប់ ។
* មេធាវីអាចតំណាងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងដើមបណ្តឹងរដ្ឋប្បវេណី តាមរយៈពាក្យសុំពឹងពាក់ និងប្រគល់សិទិ្ធ ។
* មេធាវីជួយការពារកូនក្តីបានដែរនៅចំពោះមុខក្រុមប្រឹក្សាវិន័យ ។
* មេធាវីផ្តល់យោបល់ និងតាក់តែងលិខិតស្នាមផ្សេងៗក្នុងវិស័យគតិយុត្ត ។
* មេធាវីអាចត្រូវបានចាត់តាំងដោយគូក្តី ឬចៅក្រមឲ្យបំពេញមុខងារជាអ្នកផ្សះផ្សារ ឬ ជាអ្នកសម្របសម្រួល ។ មេធាវីនឹងអាចត្រូវបានចាត់តាំងជាអាជ្ញាកណ្តាលបាន លុះត្រាតែមានច្បាប់អនុញ្ញាត។
* ផ្សព្វផ្សាយច្បាប់ ដើម្បីប្រជាពលរដ្ឋយល់ដឹងទូលំទូលាយ និងគាំទ្រការគោរពសិទិ្ធមុនស្ស៕

ចងក្រងដោយ៖ លោកមេធាវី លី រដ្ឋធី និងលោកមេធាវី ម៉េង វណ្ណី ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ
គាំទ្រឧបត្ថម្ភដោយ៖ ក្រុមហ៊ុន ឌាន ដា បាយអូ-អេណីជី អ៊ិនវេសម៉ិន