(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដកំពង់ចាម បានថ្លែងថា អំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

ការថ្លែងអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកានៃគណៈកម្មាធិការបក្សស្រុក ឃុំ និងសាខាបក្សភូមិរបស់ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានថ្លែងជំរុញ ដល់សមាជិក សមាជិកាបក្ស ត្រូវពង្រឹងសមត្ថភាពការងារ ឲ្យសកម្មបន្ថែមទៀត ដើម្បីបំពេញកាតព្វកិច្ច បម្រើប្រជាពលរដ្ឋ ពិសេសដោះសា្រយនូវបញ្ហាដែលកើតមានឡើងនៅក្នុង ភូមិឃុំ របស់ខ្លួនរបស់ខ្លួននោះ ឲ្យទាន់ពេលវេលា ។

ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាការពារសុខសន្តិភាព កុំឲ្យជន ឬក្រុម ឬគណបក្សណាមកបំផ្លាញជាដាច់ខាត ។ លោកបន្ដថា «ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានសុខសន្តិភាព ទើបមានវិនិយោគទុន ដូច្នេះយើងត្រូវរួបរួមសាមគ្គីគ្នា រក្សាសុខសន្ដិភាពឲ្យបានដូចសព្វថ្ងៃនេះ»

ព្រមជាមួយគ្នានោះ លោក ក៏បានផ្តាំផ្ញើរដល់បងប្អូនសមាជិកចាស់ សមាជិកថ្មី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះឲ្យបានយូរអង្វែង សម្រាប់អនាគត់កូនចៅយើងបន្តទៅទៀត ៕