(កំពត)៖ រដ្ឋបាលខេត្តកំពត តាមរយៈអង្គភាព Fresh News នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ចេញមកបំភ្លឺករណី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងថា អាជ្ញាធរឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច មិនអនុញ្ញាតឲ្យបើក​វេទិកាសាធារណៈនោះ គឺជារឿងយល់ច្រឡំបន្ដិចបន្ដួចប៉ុណ្ណោះ ហើយមន្ដ្រីគណបក្សបានដាក់ឯកសារ​រដ្ឋបាលចំថ្ងៃឈប់សម្រាក។​

បើតាមលោក ថៃ សារិ មេឃុំឫស្សីស្រុកខាងលិច បានបញ្ជាក់ថា លិខិតរបស់គណបក្សក៏មានលក្ខណៈជាសេចក្តីជូនដំណឹង មិនមែនជា​លិខិតស្នើសុំទេ ដូចនេះរដ្ឋបាលឃុំក៏មិនមានសិទ្ធិអនុញ្ញាត ឬហាមឃាត់ដែរ។

លោក ថៃ សារិ បានបន្ថែមទៀតថា «​គណបក្សយុវជនកម្ពុជា ក៏មិនទាន់ដល់ថ្ងៃធ្វើសកម្មភាព តាមការជូនដំណឹងរបស់គាត់ដែរ​។ ដោយផ្អែក​លើច្បាប់បោះឆ្នោត​នីតិវិធី និងការណែនាំរបស់ថ្នាក់លើ លោកនឹងចូលរួមគាំទ្រ ដល់គ្រប់សកម្មភាព​គណបក្សនយោបាយស្របច្បាប់ ដែលត្រូវ​ចូលរួមបោះឆ្នោត​ដោយមិនមានសកម្មភាពរារាំងអ្វីឡើយ»។

ទាក់ទង​បញ្ហានេះ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តកំពត បានឲ្យដឹងថា កន្លងមករដ្ឋបាលខេត្ត បានណែនាំដល់រដ្ឋបាល​​ស្រុក-ក្រុង​ចំណុះ ឲ្យខិតខំអនុវត្តការងារគាំទ្រដល់សកម្មភាព និងដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅបានដោយសេរី និងត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោត ពិសេស​ជំរុញ និងសម្របសម្រួលការងារជូនបណ្តាគ្រប់គណបក្សនយោបាយ ដែលត្រូវចូលរួមបោះឆ្នោតឲ្យមានសុខសុវត្ថិភាព និងយុត្តិធម៌ ដូចនេះសកម្មភាពរារាំងទាំងឡាយ និងមិនត្រូវឲ្យកើតមានបានឡើយ​។​

លោកអភិបាលរងខេត្ត បន្ថែមថា ​នៅថ្ងៃទី​២២ ខែឧសភា​ខាងមុខ លោកបានអញ្ជើញរួចហើយ​មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល ដើម្បីបញ្ជាក់ពី​ការងារមួយចំនួនទៀត សម្រាប់សម្របសម្រួល និងធ្វើឲ្យដំណើរការបោះឆ្នោតខាងមុខ ស្របតាមច្បាប់ សេរី ស្មើភាព ប្រជាធិបតេយ្យ និងសុខសុវត្ថិភាពល្អចំពោះគ្រប់គណបក្សនយោបាយទាំងអស់​។

សូមជម្រាបថា ការចេញមកបកស្រាយរបស់រដ្ឋបាលខេត្តកំពត ធ្វើឡើងបន្ទាប់ពី ​លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ​គណបក្សរបស់លោក ​នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានអាជ្ញាធរមិនអនុញ្ញាតឲ្យបើកវេទិកាសាធារណៈ នៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ដោយតម្រូវឲ្យទៅសុំច្បាប់ពីអាជ្ញាធរស្រុកជាមុនសិន ទើបអនុញ្ញាតឲ្យបើកវេទិកាសាធារណៈ ដើម្បីសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួន។

ជុំវិញបញ្ហានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សបានអះអាងថា គណបក្សយុវជនកម្ពុជារបស់លោក គឺមានច្បាប់ពីក្រសួងមហាផ្ទៃ ពេញលក្ខណៈផ្លូវច្បាប់ ហើយពេលចុះវេទិកាសាធារណៈម្ដងៗ មិនចាំបាច់ទៅសុំច្បាប់ពីអាជ្ញាធរស្រុកនោះទេ ពោលគ្រាន់តែជូនដំណឹងទៅអាជ្ញាធរឃុំជាការស្រេច ប៉ុន្ដែលើកនេះ បែរជាមេឃុំឫស្សីស្រុកខាងលិច មិនព្រមទទួលទៅវិញ។

ប្រធានគណបក្សវ័យក្មេងរូបនេះ នៅតែប្រកាសរក្សាជំហរបើកវេទិកាសាធារណៈ ដើម្បជួបសំណេះសំណាលជាមួយសកម្មជន គណបក្សយុវជនកម្ពុជា​ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ដើមសប្ដាហ៍ក្រោយនេះ ក្នុងឃុំមេឃុំឬស្ស៊ីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដដែល៕