(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៥៤៧គ្រឿង រកឃើញល្មើសច្បាប់៧២៩គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ៣៥៣គ្រឿង និងផាកពិន័យ៣៧៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៩ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៨០៩គ្រឿង អប់រំ១៤៩គ្រឿង និងផាកពិន័យចំនួន២៩៩គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦៤២គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៦,៨០១គ្រឿង រកឃើញយានយន្តល្មើស ១០,៨៣៤ (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៤,១០៨គ្រឿង និងផាកពិន័យ៦,៧៣០គ្រឿង (ម៉ូតូ៩៦ភាគរយ)៕