(ឧត្តរមានជ័យ​)៖​ ​​លោក យឹម ធិន​​ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និងលោក ​ស​ ថាវី ​អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០១៨នេះ​ អញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តប្រាសាទសីមា អូអង្រែស្ថិតភូមិទូលប្រាសាទ ឃុំត្រពាងតាវ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ។

ក្នុងពិធីនោះក៏មានការចូលរួមពី ​លោក លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុក ​ពុទ្ធ​បរិស័ទមកពី​ខេត្តសុរិន្ទ ប្រទេសថៃ និ​ងលោកយាយលោកតា ​ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ​។​

អភិបាល​ខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ​ដើម្បីឲ្យប្រទេសជាតិ មានស្ថេរភាព និងមានសុខសន្តិភាព គឺអាស្រ័យដោយ​ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតជាអ្នកសម្រេច គឺបើ​បោះឆ្នោតខុសនោះ អាចនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ អស្ថេរភាព តែបើ​បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ជិត៤០ឆ្នាំ កន្លងមកហើយនោះ ​ដឹកនាំប្រទេសជាតិបន្តទៀត នាំមកនូវសុខសន្តិភាព និងកាអភិវឌ្ឍន៍ប្រាកដជាកើតមានជារៀងរហូត​។​

លោក​ ស ថាវី ក៏បានសំណូមពរឲ្យ​ប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា​ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បី​ជ្រើសរើសតំណាងរាស្ត្រស្របច្បាប់ ការពារផលប្រយោជន៍​ប្រជាជន ប្រទេសជាតិ និងដឹកនាំប្រទេស ទៅកាន់ភាពសំបូរសប្បាយរុងរឿង៕