(ព្រះវិហារ)៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ក្រុមកាយរិទ្ធ និងក្រុមយុវជនស្ម័ក្រចិត្តកាកបាទកម្ពុជា នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ បានប្រារព្វធ្វើ​មិទ្ទិញ គោរពវិញ្ញាណខ័ន្ធ ថ្ងៃ​២០ឧសភា ទិវាជាតិមានការចងចាំ នៅមណ្ឌលឧក្រិដ្ឋកម្មតំបន់​១០៣​ ស្ថិតក្នុងភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង។

មិទ្ទិញនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា​ ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាល​ខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ថ្ងៃ២០ឧសភា គឺជាទិវាដែលប្រជាជនកម្ពុជា ទូទាំងប្រទេសប្រារព្ធឡើង​ដើម្បីរំលឹកដល់វិញ្ញាណខ័ន្ធ ប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ បានបាត់បង់ជីវិតក្នុងរបប​៣ឆ្នាំ ៨ខែ និង២០ថ្ងៃ​។ ដើម្បីជាសក្ខីភាពជាប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលបាន​ចេញ​ អនុក្រឹត្យលេខ១៩ អនក្រ បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានកណត់យកថ្ងៃទី២០ ខែឧសភា​ជារៀងរាល់ឆ្នាំ ជាទិវាជាតិនៃការចងចាំ​ដែលជា ថ្ងៃបុណ្យជាតិ ផ្លូវការមួយនៅប្រទេសកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបប​កម្ពុជាប្រជាធិបតេយ្យ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស សុភា បានសង្កត់ធ្ងន់ថា «ថ្ងៃ២០ ឧសភា គឺជាព្រឹត្តិ្តការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់ បានកត់ត្រាជាប់ជានិច្ចក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជា​គ្រប់ៗរូប ក៏ដូចជាមនុស្សជាតិ ដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធ៌មទាំងអស់លើពិភពលោក​»

បើតាមនាយឧត្តមសេនីយ៍ មាស សុភា បើទោះបីរយៈពេល៣៩ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍​សែនរន្ធត់នេះ នៅតែដក់ជាប់ក្នុងអារម្មណ៍​ប្រជាជនកម្ពុជាជានិច្ច ពិសេសអ្នកដែលបានឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដ៏សែនឃោរឃៅនាសម័យនោះ៕