(ភ្នំពេញ)៖ កម្មវិធីសុខមាលភាពគ្រួសារយើង នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយ សហភាពសហព័ន្ធយុវជនខណ្ឌច្បារអំពៅ បានរៀបចំពិធីពិនិត្យជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងទុរគត៌ជន ចំនួន៣៥០នាក់ នាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ការពិនិត្យជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋក្រីក្រ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមវត្តមាន លោកស្រី ឌិត នីតា សាយសំអាល់ ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រុស-ស្រី ក្រុមយុវជនស.ស.យ.ក សង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញជាច្រើននាក់ចូលរួមផងដែរ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺជាសក្ខីភាពបញ្ជាក់ឲ្យឃើញពីមនោសញ្ចេតនា យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមក្នុងជីវិតរស់នៅប្រចាំថ្ងៃ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ឌិត នីតា សាយ សំអាល់ បានអំពាវនាវឲ្យពលរដ្ឋ ចេះថែរក្សានូវអនាម័យសុខភាព ពិសេសអនាម័យរស់នៅប្រចាំថ្ងៃ ដោយត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីធានាបាននូវ ភាពស្អាតល្អសម្រាប់ខ្លួនឯង ជៀសវៀងជំងឺដង្កាត់ផ្សេងៗដែលកើតឡើងតាមរយៈមេរោគ លើការខ្វះអនាម័យ។ លោកស្រីបញ្ជាក់ថា ក្រុម ស.ស.យ.ក រាជធានីភ្នំពេញ នឹងបន្តសកម្មភាពចុះពិនិត្យជំងឺដោយឥតគិតថ្លៃបន្ថែមទៀត ដើម្បីពិនិត្យពិគ្រោះយោបល់ជូនប្រជាពលរដ្ឋក្នុងការធានាបាននូវសុខភាពល្អបរិបូរណ៌ទាំងអស់គ្នា ។

សូមបញ្ជាក់ថា នៅក្នុងពិធីពិនិត្យជំងឺដោយឥតគិតថ្លៃនៅព្រឹកនេះ ក៏មានការរៀបភោជនីយអាហារ ជានំបញ្ចុកសម្លរការី សម្រាប់ពលរដ្ឋមកពិនិត្យជំងឺ អាចពិសារមុនពេលពិនិត្យ ឬពិនិត្យរួចចាំទទួលទានតាមក្រោយក៏បានដែរ៕