(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង ចុះត្រួតពិនិត្យរាល់មុខទំនិញដែលអាជីវករ ដាក់តាំងលក់នៅក្នុងផ្សារប៉ាក់ខ្លងតាមលំនៅដ្ឋាន និងនៅសាលារៀនក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រមទាំងចែកស្លាកសញ្ញាដល់អាជីវករ លោកគ្រូអ្នកគ្រូ ដើម្បីធ្វើការផ្សព្វផ្សាយបន្ត​ អំពីទំនិញណាដែលហួសកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិត មិនត្រូវទិញយកទៅបរិភោគឡើយ។

ការចុះត្រួតពិនិត្យរាល់មុខទំនិញគ្រឿងភេសជ្ជៈរបស់អាជីវករ ដើម្បីស្វែងរកសារធាតុគីមី និងធ្វើការពន្យល់ដល់ក្រុមអាជីករ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្រោមការដឹកនាំដោយ លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ សហការ​ជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ​។

​លោក ហ៊ុយ ភារម្យ ​បានបញ្ជាក់ថា ការចុះប្រតិបត្តិការ​នេះធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យ ដែលចែកចេញជាពីទិដ្ឋភាព ទី១៖​ការត្រួតពិនិត្យជាលក្ខណៈរូបវ័ន្តបានន័យថា ​ត្រួតពិនិត្យលក្ខណៈទូទៅ ខាងក្រៅ​រ​បស់​ម្ហូបអាហារទៅលើស្លាកសញ្ញា សំបកវេចខ្ចប់ការបរិច្ឆេទកំប៉ុងកំពិតប៉ោងរលួយ ។ល។, ទី២៖ ត្រួតពិនិត្យគុណភាព និងភាពអនុលោម ដោយធ្វើការវិភាគ​ជាបឋម​ទៅផលិតផលទំនិញ ដោយ​ប្រើ T​est kit ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំ​រូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

បើតាមប្រធានសាខាកាំកុងត្រូលរូបនេះ ​ជាលទ្ធផលសាខាកាំកុងត្រូល បានចុះត្រួតទំនិញរបស់មន្ត្រីជំនាញនៅតាមលំនៅដ្ឋានដែលអាជីវករដាក់តាំងលក់ នៅក្នុងទីផ្សារប៉ាកខ្លង និងនៅតាមសាលារៀន សាខាកាំកុងត្រូលមិនបានរកឃើញនូវផលិតផលគ្រឿងភេសជ្ជៈហួសថ្ងៃខែឆ្នាំផលិតមួយនោះទេ ដោយមន្ដ្រីជំនាញធ្វើការត្រួតពិនិត្យជាប្រចាំជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងក្រុមអាជីវករកាន់តែមានការយល់ដឹង។

ជាចុងក្រោយ លោក​ ហ៊ុយ ភារម្យ បានធ្វើការអំពាវ​នាវឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមភាពខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទផលិតដើម្បីចូលរួមចំណែក ការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងផ្នែកសុខុមា​ភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅផ្សារ និងសាលារៀនថ្ងៃនេះមានសារៈសំខាន់ណាស់ ដើម្បីធ្វើការពន្យល់ពីលក្ខណៈ​ពិសេស មុននឹង​ទិញយកទៅបរិភោគ៕​