(ភ្នំពេញ)៖ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មីអាណត្តិទី៦ ដែលឈានមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នាពេលខាងមុខដ៏ខ្លីនេះ គណបក្សប្រជាជនកម្ពុជា បាន​​ដាក់​បេក្ខជនឈរឈ្មោះ​បោះឆ្នោតនៅ​ទូ​ទាំង ២៥ រាជធានី-ខេត្ត ដោយ​​មាន​បេក្ខជនសរុប ២៧១រូប ក្នុង​នោះ​​​បេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុង ១៤៦រូប។

ក្នុង​ចំណោម​បេក្ខជនទាំង ២៧១រូប​នោះ មាន​បេក្ខជន ២០រូប ជា​បេក្ខជន​តំណាងរាស្រ្ដកើតនៅក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែល​មាន​វ័យជាង ៣០ឆ្នាំ និង​ក្រោម ៣០ឆ្នាំ។ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សដឹកនាំរាជរដ្ឋាភិបាល ៥អាណត្តិហើយនោះ បានអះអាងថា ការដាក់បេក្ខជនវ័យក្មេងនៅអាណត្តិថ្មីមានខ្ទង់ ៣០ភាគរយ កើនជាងអាណត្តិមុន ១០ភាគរយ។

តាមរយៈការកើនឡើងនៃបេក្ខជនតំណាងរាស្ត្រមានវ័យក្មេងនេះ លោក សុខ ឥសាន្ត បានអះអាងថា វាជាការឆ្លុះបញ្ចាំងឲ្យឃើញពីការធ្វើកំណែទម្រង់របស់បក្សកាន់អំណាច ដែលតែងតែលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកជំនាន់ថ្មី ធ្វើការបម្រើជាតិ និងប្រជាជន។

«តាមរយៈចំនួនតំណាងរាស្ត្រវ័យក្មេងកាន់តែច្រើននេះ គឺបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ដល់យុវជនវ័យក្មេងក្នុងការបម្រើប្រទេសជាតិ ដូចក្នុងគោលនយោបាយរបស់គណបក្សប្រជាជនបានដាក់ចេញលើវិស័យអាទិភាពទាំង៤ គឺធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង»។ លោក សុខ ឥសាន្ត បញ្ជាក់បន្ថែម។

ក្នុងអាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជា បានផ្តល់ឱកាសឲ្យយុវជនវ័យក្មេង ៣នាក់ បានធ្វើជាតំណាងរាស្ត្រ ហើយមានយុវជនវ័យក្មេងមួយចំនួនទៀត បានធ្វើជារដ្ឋមន្ត្រី និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានាផងដែរ។ សម្រាប់អាណត្តិថ្មីលោក សុខ ឥសាន្ត បានអះអាងថា គណបក្សប្រជាជនកម្ពុជា ក៏នឹងនៅបន្តដាក់តំណាងរាស្ត្រវ័យក្មេងធ្វើជាតំណាងរាស្ត្រ ធ្វើជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នបន្តទៅទៀតផងដែរ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ អះអាងថា បក្សប្រជាជនកម្ពុជាជឿជាក់លើសមត្ថភាពមនុស្សជំនាន់ថ្មី បើទោះបីពួកគេមានបទពិសោធន៍តិចក៏ដោយនោះ តែបក្សជឿថាមនុស្សជំនាន់ថ្មីអាចធ្វើបានតាមរយៈបទពិសោធន៍ និងការណែនាំរបស់រៀមច្បងនៅក្នុងបក្ស។

ខាងក្រោមនេះ គឺជាបេក្ខភាពតំណាងរាស្ត្រវ័យក្មេងទាំង ២០រូប ដែលសុទ្ធសឹងជាអ្នកកើតក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលអង្គភាព Fresh News បានដកស្រង់ចេញពីបញ្ជីឈ្មោះបេក្ខជនដែលបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖

១៖ លោក ហ៊ុន ម៉ានី អាយុ ៣៦ឆ្នាំ បេក្ខជន​​ពេញសិទ្ធិ ​លេខរៀងទី២ នៅមណ្ឌលខេត្តកំពង់ស្ពឺ
២៖ លោក សាយ សំអាល់ អាយុ ៣៨ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តត្បូងឃ្មុំ
៣៖ លោក ស សុខា អាយុ ៣៧ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តព្រៃវែង
៤៖ លោក សុខ សូកាន អាយុ ៣៥ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តតាកែវ
៥៖ លោក ឌី វិជ្ជា អាយុ ៣៧ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី១ មណ្ឌលខេត្តស្វាយរៀង
៦៖ លោក យឹម លាត អាយុ ៣២ឆ្នាំ បេក្ខជនពេញសិទ្ធិ ​លេខរៀងទី៣ មណ្ឌលខេត្តកំពង់ធំ
៧៖ លោក ឃឹង នុភាព អាយុ ៣៩ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៥ មណ្ឌលខេត្តកំពង់ធំ
៨៖ លោក នង វាសនា អាយុ ៣៦ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ មណ្ឌលខេត្តកំពង់ធំ
៩៖ លោក យ៉ូវ សេងគុណ អាយុ ២៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៤ មណ្ឌលខេត្ត​កំពង់ធំ
១០៖ លោក ម៉ាត់ សេត អាយុ ៣៨ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៦ មណ្ឌលខេត្តកំពត
១១៖ លោក មឿង គង្គា អាយុ ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌល​ខេត្តកំពត
១២៖ លោកស្រី ជ្រឹង បុទុមរង្សី អាយុ ៣៥ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី១១ មណ្ឌល​ខេត្តកណ្ដាល
១៣៖ លោកស្រី ឈី វ៉ា អាយុ ៣៨ឆ្នាំ បេក្ខជន​បម្រុង​ លេខរៀងទី២ មណ្ឌល​ខេត្តកោះកុង
១៤៖ លោក នួន ផារ័ត្ន អាយុ ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៤ មណ្ឌលភ្នំពេញ
១៥៖ លោក ឃុត ចាន់ដារ៉ា អាយុ ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលភ្នំពេញ
១៦៖ លោក យុង គឹមហ៊ាន អាយុ ៣៦ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលខេត្តព្រះវិហារ
១៧៖ លោក ងិន បាណាល់ អាយុ ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តព្រៃវែង
១៨៖ លោក ខៀវ ភារិទ្ធ អាយុ ៣៧ឆ្នាំ បេក្ខជនបម្រុង​ លេខរៀងទី៦ មណ្ឌលខេត្តព្រៃវែង
១៩៖ លោក រ៉ូហ្វី អូស្មាន អាយុ ២៩ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តពោធិ៍សាត់
២០៖ លោក ហេង សុខណាង អាយុ ៣៦ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលខេត្តស្វាយរៀង

លោក ហ៊ុន ម៉ានី អាយុ ៣៦ឆ្នាំ បេក្ខជន​​ពេញសិទ្ធិ ​លេខរៀងទី២ នៅមណ្ឌលខេត្តកំពង់ស្ពឺ

លោក សាយ សំអាល់ អាយុ ៣៨ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តត្បូងឃ្មុំ

លោក ឌី វិជ្ជា អាយុ ៣៧ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី១ មណ្ឌលខេត្តស្វាយរៀង

លោក ស សុខា អាយុ ៣៧ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តព្រៃវែង

លោក សុខ សូកាន អាយុ ៣៥ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តតាកែវ