(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ ប្រចាំសប្ដាហ៍ទី៦ នារសៀលថ្ងៃទី១៩ ខែឧសភានេះ គឺមាន២ប្រកួត ប៉ុន្ដែគូជក់ចិត្ត ដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនា គឺការជួបគ្នារវាងក្រុមជើងឯករង ២ជំនាន់ ក្រសួងការពារជាតិ (ទ័ព) និងក្រុមចំណូលថ្មី វិសាខា។ ចាំមើលតើវិសាខា ឬទ័ព ត្រូវទទួលបាន ៣ពិន្ទុពីការប្រកួតដ៏សំខាន់នេះ?

ជំនួបក្រុមទាំងពីរ ត្រូវបានអ្នកគាំទ្រចាត់ទុកជាគូឯកប្រចាំថ្ងៃនេះ ដោយសារការមើល​ឃើញពីភាពខ្លាំងរៀងៗខ្លួន ពិសេសគឺការចង់ដឹងពីលទ្ធផល ក្រោយកីឡាករកូរ៉េខាងជើង ៤រូប រួមមានខ្សែប្រយុទ្ធ Cheo Myong-ho, Ri Hyok Chol, Kim Kyong-hun និងកីឡាករ Jang Song-hyok ដែលជាអាវុធដ៏មុតស្រួចលើទីលាន បានផ្លាស់ពីក្រសួងការពារជាតិ ទៅលេងឲ្យក្រុមវិសាខា កាលពីដើមរដូវកាលកន្លងទៅ។

ដោយឡែក១ប្រកួតទៀត គឺក្រុមអាស៊ីអឺរ៉ុប បើកទ្វារកីឡដ្ឋាន AEU Sport Park ទទួលក្រុមអង្គរថាយហ្គឺរ ក៏ជាជំនួបជក់ចិត្តផងដែរ ស្របពេលក្រុមទាំងពីរ កំពុងឈរលេខរៀងទី៨ និងលេខរៀងទី៩ ដោយមាន ៦ពិន្ទុក្នុងដៃស្មើគ្នា។ បើនិយាយពីកម្រិតសមត្ថភាពក្រុមទាំងពីរ រដូវកាលថ្មីនេះ គឺមិនលើសខ្វះគ្នាប៉ុន្មានឡើយ៕

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៦ នៃពានមិត្តហ្វូនខេមបូឌានលីគ នាថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨៖