(កំពង់ឆ្នាំង)៖​ អតីតយុទ្ធជន​ចំនួន២,១៦២នាក់ ​មកពីស្រុកទឹកផុស កំពង់ត្រឡាច បរិបូណ៍ រលាប្អៀរ និង​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលទើបបានបំពាក់មេដាយការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសថា នឹងទៅចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាជន។

ក្រៅពីប្រកាសថានឹងទៅចូល​រួមបោះឆ្នោតហើយនោះ អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង ក៏ប្ដេជ្ញាបន្ដបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីរបស់កម្ពុជា នៅអាណត្តិនេះ និងនៅអាណត្តិបន្ដបន្ទាប់ផងដែរ។

ក្នុងពិធីនៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងមានការចូលរួមពី លោកស្រី ដោក សុធា អ្នកតំណាងរាស្ត្រ​មណ្ឌលកំពង់ឆ្នាំង និងលោកស្រី កែវ ចាន់មុន្នី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ​ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនទាំងអស់ផងដែរ។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម ​សម្តេច ​មើលឃើញពីការលំបាករបស់សមាគមអតីតយុទ្ធជន ក្នុងរយៈកាលកន្លងមកទើបសម្តេច ប្រគល់ឲ្យកងកម្លាំងប្រដាប់អាវុធ និងលោកផ្ទាល់ទទួលគ្រប់គ្រងវិញ ​ដូច្នោះទើបថ្នាក់ដឹកនាំទាំងអស់​ខំប្រឹងប្រែងបំពេញការងារដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការកែលំអជីវភាពរស់នៅ​របស់សមាជិក និងបង្កើនស្មារតីជួយគ្នាទៅវិញទៅមកក្នុងឋានៈជាសមាជិកសមាគម ពេលជួបគ្រោះថ្នាក់ មានទុក្ខលំបាក ឬ​ទទួល​មរណភាព​ជាដើម។

នាយឧត្តមសេនីយ៍​អគ្គលេខាធិការ បានបន្តថា រយៈពេលជិត៣ឆ្នាំនេះ សមាគម​សម្រេចបាន​លទ្ធផល​គួរកត់សំគាល់ ជាអាទិ៍ ការបើកផ្តល់ ប្រាក់មរណសង្រ្គោះ​បានទាន់ពេលបុណ្យសព ដែលពីមុនមានការយឺតយ៉ាវ, ការគិតគូរសាងសង់ផ្ទះជូន អតីតយុទ្ធជនលំបាកខ្វះខាត, ការត្រៀមបែងចែកផ្តល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនដើម្បីបានអាស្រ័យផល, ការពង្រឹងការគ្រប់គ្រងសមាជិក នៅមូលដ្ឋាន ឃុំ​ភូមិ ជំរុញការរៀបចំ​សៀវភៅ បញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់​។​

ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង មានបងប្អូនទីទល់ក្រ​ចំនួន​១០៧នាក់ បងប្អូនដែលគ្មានដី​ គ្មានផ្ទះ​៧៤​គ្រួសារ មានដី​តែមានផ្ទះមិនសមរម្យ​​២៨គ្រួសារ ក្នុងនោះ៥គ្រួសារ បានទទួលផ្ទះអំណោយរបស់សម្តេច​រួចហើយ។ សម្រាប់ថ្ងៃនេះ​ នាយឧត្តមសេនីយ៍​ បានគោរពស្នើសុំសម្តេច សាងសង់ផ្ទះផ្តល់ជូនបងប្អូន ដែលទ័លក្រ ចំនួន​៣០គ្រួសារ និង​ជំរុញឲ្យថ្នាក់ដឹកនាំ ធ្វើការគ្រប់គ្រង និងចែកដីដែលមានស្រាប់ជូនអ្នកដែលគ្មានដីគ្មានផ្ទះទាំង៧៤គ្រួសារឲ្យបានឆាប់។

លោក ចាន់ ញិន យោធិនពិការ អតីតកងពលធំលេខ១៩៦ មានទីលំនៅភូមិ​វាលស្បូវ និងលោក ហ៊ុយ ពែក យោធិនពិការ អតីតកងពលធំលេខ៤ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ជំនួសមុខឲ្យសមាជិកអតីតយុទ្ធជន​ដែលមក​ចូលរួមក្នុងពិធីនេះ បានថ្លែងអំណរគុណដល់​សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ​គ្រប់ថ្នាក់ ដែលតែងតែគិតគូរដល់គាត់​ទាំងជីវភាព និងសុខភាព ហើយពេលនេះត្រូវបាន សម្តេចទួលថ្វាយព្រះមហាក្សត្រ ព្រះរាជទានមេដាយជូនពួកគាត់ទៀត៕