(ស្វាយរៀង)៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះប្រធានផ្សារអន្តរជាតិបាវិត រួមទាំងអាជ្ញាធរ និងមន្ត្រីជំនាញ ដែលអនុញ្ញាតឲ្យប្រធានផ្សាររូបនោះសាងសង់ផ្ទះល្វែងចូលចំណីផ្លូវរបស់រដ្ឋ ពង្រាយសម្ភារសំណង់ចង្អៀតផ្លូវ បង្កការពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសរំលោភលើទ្រព្យសម្បត្តិរដ្ឋថែមទៀត។

ប្រជាពលរដ្ឋរស់នៅភូមិបាវិតកណ្តាល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះថា ពួកគាត់ទាំងអស់គ្នាប្រមាណជាង១០០គ្រួសារ បានផ្តិតមេដៃប្តឹង មេផ្សារអន្តរជាតិបាវិត ដែលបានរំលោភយកដីចំណីផ្លូវរបស់រដ្ឋមកសាងសង់ផ្ទះល្វែងយ៉ាងរំភើយ តាំងតែពីខែមេសា ឆ្នាំ២០១៨ មកម្ល៉េះ។

ប្រជាពលរដ្ឋបាននិយាយថា មេផ្សារអន្តរជាតិបាវិតនេះពិតជាមានអំណាចខ្លាំងណាស់ ដែលហ៊ានសាងសង់ផ្ទះរំលោភចំណីផ្លូវរដ្ឋ ផ្លូវកាន់តែតូចចង្អៀត ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអាចបង្កឲ្យមានគ្រោះចរាចរណ៍ផងដែរ។ កាលពីកន្លងទៅ ប្រជាពលរដ្ឋក៏ធ្លាប់ប្តឹងទៅអាជ្ញាធរម្ដងហើយ ហើយអាជ្ញាធរបានចុះមកណែនាំដល់ម្ចាស់ផ្សារនេះហើយដែរ ក៏ផ្អាកការសាសង់បណ្តោះអាសន្ន ប៉ុន្តែទុកសម្ភារសំណង់ កាកសំណល់គ្រឿងសំណង់ដាក់លើផ្លូវសាធារណៈ នាំឲ្យពិបាកដល់ការធ្វើដំណើរ។

ពលរដ្ឋរស់នៅភូមិបាវិតកណ្តាល បានសំណូមពរដល់អាជ្ញាធរដែនដីជួយអន្តរាគមន៍ និងមានចំណាត់ការចំពោះការសាងសង់រំលោភផ្លូវសាធារណៈរបស់រដ្ឋ ពីសំណាក់មេផ្សារអន្តរជាតិបាវិតនេះផង ដើម្បីដុះក្អែលមន្ត្រីពុករលួយថ្នាក់ក្រោម ដែលហ៊ានអនុញ្ញាតឲ្យមេផ្សារអន្តជាតិបាវិតសាសង់បំពានយ៉ាងនេះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក គង់ ចំរើន ដែលអ្នកមើលការខុសត្រូវផ្សារអន្តរជាតិបាវិត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចំពោះបញ្ហាដែលប្រជាពលរដ្ឋចោទខាងផ្សារបស់លោក ធ្វើចូលចំណីផ្លូវរបស់រដ្ឋ ឥឡូវនេះលោកកំពុងធ្វើការជាមួយសុរិយោដីហើយ ព្រោះការធ្វើនេះមានប្លង់ត្រឹមត្រូវ ដោយសារមួយរយៈនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកបាវិត ដូច្នេះមន្ត្រីរាជការកំពុងជាប់រវល់ ហើយកំពុងតែធ្វើការងារនេះជាមួយសុរិយោដីហើយ។ លោក គង់ ចំរើន បានបញ្ជាក់ថា ការសាងសង់ផ្ទះល្វែងនេះ ហ៊ាចេញសំយ៉ាបមួយម៉ែត្រមែន តែសុរិយោដីគេរវល់ទើបមិនទាន់ដោះស្រាយ។

ចំណែកលោក សាញ់ សុខុន ចៅសង្កាត់បាវិត បានឲ្យដឹងថា ចំពោះបញ្ហាសាងសង់រំលោភផ្លូវសាធារណៈ ពីក្រុមហ៊ុនផ្សារអន្តរជាតិបាវិតនេះ គឺខាងអាជ្ញាធរធ្លាប់បានចុះទៅណែនាំ និងហៅក្រុមជាងសំណង់ទៅសាលាក្រុង ដើម្បីសាកសួរដែរតែលទ្ធផលយ៉ាងណានោះមិនទាន់ដឹងទេ គឺខាងក្រុង និងមន្ត្រីជំនាញរបស់គេទើបដឹងរឿងនេះ។ ចំណែកលោក សេង សីលា អភិបាលក្រុងបាវិត មិនអាចទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២១០៨នេះ៕