(ភ្នំពេញ)៖ ក្រោយជំងឺ Ebola ដ៏កាចសាហាវបាននិងកំពុងផ្ទុះឡើងជាថ្មី នៅប្រទេសកុងហ្គោលនោះ, ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសប្រាប់ប្រជាពលរដ្ឋ ដែលមានប្រវត្តិ​​ធ្វើដំណើរមកពីប្រទេសក្នុងទ្វីប ហើយមានរោគសញ្ញា គ្រុនក្តៅលើសពី​៣៨.៥អង្សាសេ, ឈឺសាច់ដុំ, អស់កម្លាំង, ​ក្អួត, កន្ទួលក្រហមឬចេញឈាម សូមទៅមន្ទីរពេទ្យ​ដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ​១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺទៅសមាជិកគ្រួសារ និងអ្នកដទៃ។

បើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងសុខាភិបាលក៏បានបង្ហាញវិធានការបង្ការ និងត្រៀមឆ្លើយតបមួយចំនួនផងដែរ រួមមាន៖​

១៖ ផ្តល់ពត៌មានអំពីការរាតត្បាតជំងឺអេបូឡា ​នៅប្រទេស​កុងហ្គោ ដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត និងក្រុមមន្រ្តី ឆ្លើយតបបន្ទាន់ទូទាំងប្រទេស

២៖ ណែនាំដល់មន្រ្តីចត្តាឡីស័ក ដែលបម្រើការងារតាមព្រំដែន គោក ទឹក និងអាកាសយាន្តដ្ឋាន ស្តីពីការតាមដានសុខភាពអ្នកដំណើរទាំងអស់​ ជាពិសេសអ្នកដំណើរមកពីទ្វីបអាហ្រ្វិក និងអនុវត្ត​តាមវិធានការបង្ការ និងឆ្លើយតបជំងឺអេបូឡាដែលមានស្រាប់

៣៖បានធ្វើការចែកចាយសម្ភារៈអប់រំ ស្តីពីវិធានការបង្ការ និងឆ្លើយតបជំងឺអេបូឡា ដល់មន្រ្តីឆ្លើយតបបន្ទាន់ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយបន្ត។

ក្រសួងសុខាភិបាល នឹងបន្តជូនដំណឹងដល់សាធារណៈជនអំពីការវិវត្តិ នៅប្រទេសកុងហ្គោ តាមរយៈគេហទំព័រ www.cdcmoh.gov.kh  និង Page Facebook ឈ្មោះ «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង»៕