(កំពង់ស្ពឺ)៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យមានការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ ចំនួន១២ខ្នង ស្ថិតភូមិតាកោង និងភូមក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយខ្យល់កន្រ្តាក់។

លោក វ៉ី សំណាង បានឲ្យដឹងថា ទោះជាបីទំហំ នៃការរងគ្រោះរបស់ប្រជាពលរដ្ឋបែបណាក៏ដោយ វាជាទុក្ខលំបាកមួយដែលយើងម្នាក់ៗ មិនចង់ឃើញ និងមិនចង់ជួបឡើយ។ ប៉ុន្តែអ្វីដែលកាកបាទក្រហមកម្ពុជា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវជួយដោះស្រាយដំបូង និងជាបឋមនោះ សម្រាប់ប្រជាពលរដ្ឋរងគ្រោះគឺស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃបន្ទាន់សិន។

អភិបាលបញ្ជាក់ទៀតថា ជាក់ស្ដែងអំណោយដែលនាំយកប្រគល់ជូននៅថ្ងៃនេះ បានបញ្ជាក់ច្បាស់ថា ទីណាមានទុក្ខលំបាកទីនោះមានមុខកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ដោយមិនទុកនរណាម្នាក់ចោលឡើយ។

លោកបន្ថែមទៀតថា «យើងត្រូវជឿជាក់ទៀតថា ដរាបណាមានកាកបាទក្រហមកម្ពុជា និងសង្គមជាតិស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនទុកឲ្យប្រជាពលរដ្ឋមានការលំបាកហើយ ប្រទេសជាតិ ទទួលបានការរីកចម្រើន ជាក់មិនខានឡើយ»។ អំណោយយកមកចែកជូននៅពេលនេះ ដោយក្នុងមួយ​គ្រួសារទទួលបាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខ, មី, តង់ ថវិកា, និងសម្ភារផ្សេងៗមួយចំនួនទៀត។

លោក វ៉ី សំណាង អភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ត្រូវប្រយ៉ាប់រាយការណ៍ទៅអាជ្ញាមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា៕