(បាត់ដំបង)៖ ប្រជាពលរដ្ឋបានប្រទះឃើញសំបកគ្រាប់ខូចគុណភាព គ្មានក្បាលចំនួន៣៧គ្រាប់ នៅត្រង់ចំណុចក្នុងព្រៃក្បែរចម្ការ ស្ថិតក្នុងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ រួចក៏រាយការណ៍ និងប្រគល់ឲ្យទៅសមត្ថកិច្ច យកទៅរក្សាទុកដើម្បីកំទេចចោលនៅពេលក្រោយ។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រាប់កាំភ្លើង ដែលប្រជាពលរដ្ឋប្រទះឃើញនោះ ជាអាវុធយុទ្ធភ័ណ្ឌមិនផ្ទុះ ខូចគុណភាព គ្មានក្បាលបំបែកនេះមានចំនួន៣៧គ្រាប់ ក្នុងនោះ មានប្រភេទគ្រាប់៦០មីលីម៉ែត្រចំនួន១៤គ្រាប់ និងប្រភេទគ្រាប់កាំភ្លើង៨០មីលីម៉ែត្រ ចំនួន២៣គ្រាប់។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់កាំភ្លើងប្រភេទត្បាល់នេះ ជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម ក្រោយពីប្រទេសមានសន្តិភាព ប្រជាពលរដ្ឋទន្ទ្រានដីដាំដុះ ហើយបានប្រមូលគ្រាប់ទាំងនេះ ដាក់នៅលើទីទួលកំប៉ូតព្រៃរហូតមក។

បន្ទាប់ពីប្រជាពលរដ្ឋផ្សេងទៀត បានប្រទះឃើញ និងបានរាយការព៍ដល់មន្ត្រីនគរបាលប៉ុស្តិ៍ កម្លាំងជំនាញបានចុះដាក់ស្លាកសញ្ញាសំគាល់ ហើយហាមមិនឲ្យប្រជាពលរដ្ឋ ចូលទៅក្បែដើម្បីរង់ចាំអង្គភាពជំនាញមកយកទៅរក្សាទុក​ នៅកន្លែងមានសុវត្ថិភាព និងធ្វើការកំទេចចោលនៅក្រោយ៕