(រតនគិរី)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ, មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះអង្កេតត្រួតពិនិត្យទំនិញ នៅផ្សារបានលុង និងតាមឃ្លាំងស្តុកទំនិញ ដើម្បីពិនិត្យផលិតផលគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។

មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញនៅផ្សារបានលុង និងតាមឃ្លាំងនេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់ស្ពៃ តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានដកហូតគ្រឿងភេសជ្ជៈមួយចំនួន ខូចគុណភាព និងហួសកាលបរិច្ឆេទ ដូចជា ទឹកក្រូច ម្សៅស៊ុប ទឹកផ្លែឈើ នំស្រួយ កាហ្វេ ស្រាបៀ ដោយសរុបទាំងអស់ជាង៣០០,៧៦គីឡូក្រាម។ ដោយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដកហូតយកទុក ដុតកម្ទេចចោលនាពេលខាងមុខ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅនៅផ្សារបានលុង ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ យកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕