(ភ្នំពេញ)៖ លោក សាម៉ុន ម៉ាកដូណាល ( Simon Mc Donald) អនុរដ្ឋមន្រ្តីការបរទេសអចិន្ត្រៃយ៍អង់គ្លេស ប្រាប់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថា រដ្ឋាភិបាលអង់គ្លេស នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងគាំទ្របន្ថែមទៀ ដល់ការងារសម្អាតមីនផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាម៉ុន ម៉ាកដូណាល ( Simon Mc Donald) នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី១៨ ខែឧសភានេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា «ឯកឧត្តម Simon ក៏បានគូសបញ្ជាក់ពីជំហរ របស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈបន្តផ្តល់អាហាររូបករណ៍ ដល់កម្ពុជាបន្តទៀត»

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបន្តថា ក្រៅពីជំនួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា រដ្ឋាភិបាលអង់គ្លេសក៏បានសន្យាថា នឹងផ្តល់ជំនួយគាំទ្រដល់សកម្មភាពសម្អាតមីន នៅកម្ពុជាផងដែរ តាមរយៈអង្គការ Halo Trust។

លោកបញ្ជាក់ថា «នៅក្នុងវិស័យដោះមីន ឯកឧត្តម Simon Mark Donald បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ពីការផ្តល់ជំនួយរបស់អង់គ្លេស ចំពោះសកម្មភាពដោះមីននៅកម្ពុជា តាមរយៈអង្គការ Hello Trust ដែលមានស្នាក់ការ នៅខេត្តសៀមរាប ហើយលើបញ្ហានេះ ឯឧត្តមទេសរដ្ឋមន្ត្រីបានជម្រាប ជូនឯកឧត្តម Simon អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស៊ីម៉ាក់ ដោះមីនរហូតមកដល់ពេលនេះ សម្រេចបាន១៩០០គីឡូម៉ែត្រការ៉េ ហើយចំនួនដែលនៅសល់មានប្រមាណ២០០០គីឡូម៉ែត្រការ៉េទៀត»

លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន តាមរយៈអនុរដ្ឋមន្រ្តីការបរទេសអចិន្ត្រៃយ៍អង់គ្លេស បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលឆ្នាំ២០១៧ មានចំនួន១៣៦អាហារូបករណ៍៕