(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តប្រឹងប្រែងចចារបើកច្រកទីផ្សារអង្ករថ្មីមួយទៀត ជូនកសិករកម្ពុជា ដើម្បីនាំចេញទៅកាន់ផ្សារ នៃប្រទេស Papau New Gujnea។

ការស្វែងរកទីផ្សារអង្ករថ្មីនេះ ត្រូវបានបង្ហាញឡើង ក្នុងជំនួបរវាងលោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយប្រតិភូក្រុមហ៊ុន Amru Rice និង ក្រុមហ៊ុន Sun Rice រួមជាមួយថ្នាក់ដឹកនាំថ្នាក់នាំ NAQIA (National Agricultural Quarantine and Inspection Agency) នៃប្រទេស Papau New Gujnea នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សាសម្របសម្រួលការនាំចេញអង្ករកម្ពុជាទៅប្រទេស Papua New Guinea។

លោកបណ្ឌិត ហ៊ាន វណ្ណហន បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា កិច្ចពិភាក្សានោះផ្ដោតលើបញ្ហាសំខាន់ៗដូចជា៖ ១៖ គុណភាពអង្ករកម្ពុជា, ២៖ បរិមាណស្រូវ និងស្ថានភាពនាំចេញអង្ករកម្ពុជា,៣៖ លក្ខខណ្ឌតម្រូវនៃការងារអនាម័យ និងភូតគាមអនាម័យ លើការងារនាំចេញនាំចូលផលិតផលកសិកម្ម ដែលជាលទ្ធផល នៃការវាយតំលៃហានិភ័យ នៃការចម្លងសមាសភាពចង្រៃ និង៤៖ ស្ថានភាព ស្ដីពីសមាសភាពចង្រៃ និងការគ្រប់គ្រងលើដំណាំស្រូវ និងឃ្លាំងស្តុក។

លោកអគ្គនាយកបញ្ជាក់ថា ជាលទ្ធផលអង្គប្រជុំបានសម្រេចឯកភាពជាគោលការណ៍រួមមាន៖ ភាគីកម្ពុជាធានាផ្គត់ផ្គង់អង្ករប្រកបដោយគុណភាព និងសុវត្ថិភាព និង Papau New Gujnea ឯកភាពទទួលយកអង្ករកម្ពុជា និងបានផ្លាស់ប្ដូរព័ត៌មានទាក់ទងនីតិវិធីនាំចេញ នាំចូលស្របទៅតាមលក្ខខណ្ឌតម្រូវប្រទេសទាំង២។

លោក សុង​ សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានបញ្ជាក់ថា កម្ពុជានឹងមានទីផ្សារអង្ករថ្មីមួយទៀត នៅប្រទេស Papau New Gujnea ដែលទីផ្សារសំរាប់អង្ករផ្ការំដួល៕