(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសចាត់បញ្ជូនសមាជិកសមាគម ប្រមាណជាង២,០០០នាក់ ចូលរួមសង្កេតការណ៍ បោះ ឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយពង្រាយគ្រប់ ខេត្ត-រាជធានី ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ជាលក្ខណៈចល័ត និងអចល័ត។

បើតាមសេចក្ដីថ្លែងការណ៍ របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការចូលរួមធ្វើជាអ្នកសង្កេតការណ៍ បោះឆ្នោតនេះ សមាគមមានគោលបំណង៣យ៉ាង រួមមាន​៖

១៖ ចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

២៖ ចូលរួមធ្វើឲ្យប្រទេសយើងមានសុខសន្ដិភាព, ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងសុខុមាភាពសង្គមជាតិទាំងមូល។

៣៖ តាមដាន បិរយាកាសនយោបាយ សកម្មភាពរបស់គណបក្សនយោបាយ និងសកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា ការប្រកាសចូលរួមសង្កេតការណ៍ របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ធ្វើឡើងស្របពេល​ដែលអង្គការ Necfec និង អង្គការ Comfrel ប្រកាសថា ខ្លួននឹងមិនចូលរួម សង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាចុងខែកក្កដា ខាងមុខនេះឡើយទេ។

គ.ជ.ប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ ក៏បានប្រកាស​ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោត ចំនួន២,១៧៨នាក់ ដែលមកពីស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខណៈដែលអ្នកសង្កេតការណ៍​១,៥៧៤នាក់ផ្សេងទៀត កំពុងតែត្រួតពិនិត្យ៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា៖