(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាកយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា អតីតមេបក្សប្រឆាំង និងសកម្មជនរបស់ខ្លួន​ បាននាំគ្នាដើរស្រែក ប្រកូកប្រកាសថា ក្រុមខ្លួនជាអ្នកស្នេហាជាតិ តែធាតុពិតពួកគេមានចេតនាបំផ្លិចបំផ្លាញជាតិទៅវិញ។ សម្តេចបានបន្ថែមថា​ ជាក់ស្តែងថ្មីនេះ ក្រុមនេះដើរញុះញង់សហគមន៍អន្តរជាតិឱ្យកាត់ផ្តាច់ជំនួយ គាបសង្កត់ពន្ធនាំចេញ និងបញ្ហាមួយចំនួនមកដាក់លើរាជរដ្ឋាភិបាល នេះឬហៅថាអ្នកស្នេហាជាតិ។

សម្តេចពិជ័យសេនា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុង​ឱកាសសម្តច អញ្ជើញបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ​។ ការបិទវគ្គនេះបានធ្វើឡើង​ នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី។

ប្រមុខការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ក្រុមជនអគតិមួយក្តាប់តូច​ អួតខ្លួនថាស្រឡាញ់ជាតិ អួតថានាំកិត្តិយសជាតិគ្រប់បែបយ៉ាង ប៉ុន្តែពួកគេកំពុងតែបំផ្លាញជាតិទៅវិញទេ ជាក់ស្តែងអតីតថ្នាក់ដឹកនាំក្រុមនេះ​ បាននឹងកំពុងដើរបំផ្លាញសមិទ្ធផល កម្ពុជាដែលកំពុងប្រតិបត្តិការណ៍ នៅអង្គការសហប្រជាជាតិ និងញុះញង់សហគមន៍បរទេសឱ្យគាបសង្កត់ប្រទេសរជាតិរបស់ខ្លួនទៅវិញ»។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទំនងជាសំដៅទៅដល់ទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាមេចលនាសង្គ្រោះជាតិ ក្រៅច្បាប់ រួមជាមួយបក្ខពួកខ្លួនថ្មីនេះ បានដើរគ្រប់ច្រកល្ហកដើម្បីធ្វើយ៉ាងណាបំភាន់ការពិតដោយចោតប្រកាន់មកលើ​ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ថាដឹកនាំប្រទេសទៅរករបបផ្តាច់ការ ដើម្បី​ឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធ ដាក់ទណ្ឌកម្មមកលើកម្ពុជា និងញុះញង់អង្គការសហប្រជាជាតិ​ឱ្យព្យួរអសន:កម្ពុជាផងដែរ។

កម្ពុជា បានឆ្លងផុតពីភ្លើងសង្គ្រាមកសាងប្រទេសជាតិពីបាទដៃទទេ ពីគំនរផេះផង់ មិនដែលមានវត្តមានអតីតបក្សប្រឆាំងរូបណាមកជួយនោះទេ ក៏ប៉ុន្តែប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និយោបាយ និងមានការរីកចម្រើនលើកគ្រប់វិស័យបែរជានាំគ្នាមកបំផ្លិចបំផ្លាញទៅវិញ។

ប្រមុខការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា ប្រសិនបើខ្លួនជាជនជាតិខ្មែរមួយរូប មិនគួរណាដើរលាតត្រដាងខុសពីការពិតឱ្យបរទេសជឿជាក់ថា ខ្លួនជាជនរងគ្រោះទៅវិញ ក៏ប៉ុន្តែក្រុមអគតិទាំងនេះ មានចេតនាធ្វើចលាចលអាក្រក់នៅក្នុងសង្គម មានគំនិតបង្កើតបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីឆន្ទៈរាស្ត្រស្ទើរមួយប្រទេស ឬមនសិការស្នេហាជាតិ នាំកិត្តិយសជូនជាតិនោះ៕