(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ព្រោះតែសម្តេចរំលត់ភ្លើងសង្គ្រាមទើបនាំឲ្យមានការកាប់ទន្ទ្រានព្រៃឈើ និងមានការចន្លោះប្រហោង មួយចំនួនក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាហេតុនាំឲ្យមានការស្តីបន្ទោសចំពោះសម្តេចផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចស្ម័គ្រចិត្តទទួលនូវការ ស្តីបន្ទោសទាំងអស់នោះ តែសម្តេចក៏ចង់ឲ្យប្រជាពលរដ្ឋមានការថ្លឹងថ្លែងពិតប្រាកដមួយទៅលើការដឹកនាំរបស់សម្តេចរវាងការប្រឹងប្រែងរំលត់ភ្លើងសង្គ្រាម ការប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ជាមួយភាពអសកម្មមួយចំនួននោះ។

ពីលើវេទិកាបើកកម្មវិធីដាំកូនឈើប្រមាណ ២ពាន់ដើមនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» នៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានការស្តីបន្ទោសចំពោះសម្តេចលើវិធានការទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើ។ សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ពីសកម្មភាពកាប់ទន្ទ្រានព្រៃឈើ តែការកាប់បំផ្លាញនេះមិនមែនសុទ្ធតែជាការធ្វើជំនួញព្រៃឈើរទាំងអស់នោះទេ គឺបណ្តាលមកពីការកើនឡើងចំនួនប្រជាពលរដ្ឋ ការកើនឡើងតម្រូវការផ្ទៃដីសម្រាប់បង្កបង្កើនផល និងតម្រូវការផ្ទៃដីសម្រាប់ការដាំដំណាំកសិ-ឧស្សាហកម្មដូចជាកៅស៊ូ និងម្រេចជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅអំឡុងឆ្នាំ១៩៧៩ និង១៩៧០ ផ្ទៃដីបង្កបង្កើនផលមិនដល់ ១លានហិកតាផងទេ ពោលប្រហែល ៨០ម៉ឺនហិកតាប៉ុណ្ណោះ តែបច្ចុប្បន្នផ្ទៃដីបង្កបង្កើនផលមានការកើនច្រើន ក្នុងនោះស្រែវស្សា ៣លានហិកតា ស្រែប្រាំងកន្លះលានហិកតា ហើយចំនួននេះមិនទាន់រាប់បញ្ចូលផ្ទៃដីដាំកៅស៊ូ និងម្រេចនៅឡើយនោះទេ។ ក្រៅពីបញ្ហានេះតម្រូវការនៃការប្រើប្រាស់ធ្យូងក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ជាហេតុនាំឲ្យមានការកាប់ឈើដុតយកធ្យូងផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការកាប់ទន្ទ្រានព្រៃឈើនេះ ដោយសារតែសម្តេចបានរំលត់ភ្លើងសង្គ្រាម បើមិនរំលត់ភ្លើងសង្គ្រាម មិនសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធទេ ក៏ប្រហែលគ្មានការកាប់បំផ្លាញព្រៃឈើនោះដែរ។

«ដោយសារខ្ញុំបានរំលត់ភ្លើងសង្គ្រាម បានជាមានផ្លូវ មានស្ពាននៅទីនេះ ដោយសារខ្ញុំរំលត់ភ្លើងសង្គ្រាមបានជាមានលទ្ធភាព មានឱកាសទៅកាប់ព្រៃនៅកន្លែងនេះ នៅកន្លែងនោះ។ ទីចុងបំផុតរឿងវាធ្លាក់មកលើខ្ញុំដដែល ប៉ុន្តែបើខ្ញុំមិនរំលត់ភ្លើងសង្គ្រាមនេះទេ ប្រជាជននៅតែហូរឈាម នៅតែស្លាប់រាល់ថ្ងៃ។ ប៉ុន្តែដល់រំលត់ភ្លើងសង្គ្រាមហើយ កាលមានសង្គ្រាមវាមានរឿងដោយឡែករបស់វា មានសង្គ្រាមវាមានបញ្ហាដោយឡែករបស់វា ចំណុចពិសេសនៃសង្គ្រាមគឺការវាយគ្នា ស្លាប់ និងរបួស ហើយអត់បានបង្កបង្កើនផលទេ ដល់អស់សង្គ្រាមទៅសភាពការណ៍ថ្មីបានមកដល់ប្រជាជនត្រូវការដីធ្លីបង្កបង្កើនផលទៅកាប់ព្រៃ ប្រជាជនត្រូវការនេះ ត្រូវការនោះ យើងត្រូវការដោះស្រាយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។

កម្ពុជាត្រូវបានបំផ្លាញស្ទើរតែខ្ទេចខ្ទីដោយសារតែភ្លើងសង្គ្រាមយ៉ាងរ៉ាំរ៉ៃប្រមាណជា ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់និរាស្ត្រព្រាត់ប្រាស់គ្នាយ៉ាងខ្លោចផ្សារជីទីបំផុត។ សង្គ្រាមរ៉ាំរ៉ៃ និងរបបកាប់សម្លាប់នៅកម្ពុជា ត្រូវបានពន្លត់ទៅវិញនៅក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ហើយត្រូវបានបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោយពេលកងទ័ពខ្មែរក្រហមបានធ្វើសមាហរណកម្មចូលមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។

សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកចរចាស្វែងរកសន្តិភាព និងពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា បានគូសបញ្ជាក់ថា ការពន្លត់ភ្លើងសង្គ្រាមនេះ គឺសំខាន់ណាស់ បើគ្មានការពន្លត់ភ្លើងសង្គ្រាម គឺឈាមខ្មែរនៅតែហូរ ហើយជីវិតប្រជាពលរដ្ឋនៅតែស្លាប់ជារៀងរាល់ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យប្រជាពលរដ្ឋផ្តល់ការថ្លឹងថ្លែងដ៏ពិតប្រាកដមួយចំពោះការប្រឹងប្រែងពន្លត់ភ្លើងសង្គ្រាមដោយបានយកជីវិតធ្វើជាដើមទុន ជាមួយនឹងបញ្ហាអសកម្មក្នុងសង្គម រួមនិងការកាប់ទន្ទ្រានឈើជាដើមនោះ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ចឹងឥឡូវនេះគ្រាន់តែឲ្យប្រជាពលរដ្ឋរបស់យើងមានការថ្លឹងថ្លែងពិតប្រាកដមួយថា ការចាប់ផ្តើមដឹកនាំដោយតេជោ សែន ចំណុចត្រូវនោះវាប៉ុន្មាន ហើយអាខុសនោះវាប៉ុន្មាន។ ការរំលត់ភ្លើងសង្គ្រាមមិនមែនជាបញ្ហាតូចតាចទេ។ ខ្ញុំយកជីវិតរបស់ខ្ញុំធ្វើដើមទុន ដំណាក់កាលទីមួយធ្វើដើមទុន ដើម្បីរំដោះប្រជាជនឲ្យចេញពីរបប ប៉ុល ពត តែដំណាក់កាលចុងក្រោយជាការប្រថុយប្រថានហួសហេតុពេកហើយក្នុងឋានៈជានាយករដ្ឋមន្ត្រី ធ្វើដំណើរចូលទៅក្នុងតំបន់ខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហម»។

សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ដែរថា សម្រាប់មេដឹកនាំដទៃសម្តេចមិនដឹងទេ តែសម្តេចបានយល់យ៉ាងច្បាស់ចំពោះការដឹកនាំរបស់សម្តេច គឺសម្តេចមានភាពអង់អាចក្លាហានក្នុងការស្វែងរកសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា៕