(បាត់ដំបង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា បានថ្លែងជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម អ្នកជំងឺរបួសខួរឆ្អឹងខ្នង ខេត្តបាត់ដំបង ត្រូវទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាជូនជនពិការ និងប្រជាពលរដ្ឋ។ ការថ្លែងរំរុញរបស់ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងនៅក្នុង

ពិធីសម្ពោធមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម អ្នកជំងឺរបួសខួរឆ្អឹងខ្នង ខេត្តបាត់ដំបង រៀបចំធ្វើនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីមន្រ្តីក្រសួង-មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អភិបាលខេត្តបាត់ដំបង និងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក វង សូត បានបន្ថែមឲ្យដឹងថា ថ្ងៃនេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួងឆ្អឹងខ្នងខេត្តបាត់ដំបង ត្រូវបានកសាង និងបានប្តូរទីតាំងថ្មី ដែលមានលក្ខណៈធំជាងមុន និងមានបរិស្ថានល្អប្រសើរ។

ទន្ទឹមនឹងនោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានផ្តាំផ្ញើទៅដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកទាំងអស់ ត្រូវបន្តខិតខំបំពេញការងារប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ពិសេសខិតខំផ្តល់សេវា ជូនបងប្អូនជនពិការ ដែលកំពុងសម្រាកព្យាបាលនៅទីនោះឲ្យបានល្អប្រសើរ សំដៅលើកកម្ពស់ មជ្ឈមណ្ឌលរបស់យើង ឲ្យក្លាយជាមជ្ឈមណ្ឌលដែលមានស្តង់ដារត្រឹមត្រូវ និងជាមជ្ឈមណ្ឌលគំរូ សម្រាប់បណ្តាខេត្តផ្សេងៗ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនថវិកាលើវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាល ក្នុងគោលដៅធ្វើឲ្យប្រជាជនទទួលបាន សេវាសង្គមកាន់តែច្រើន ពិសេសមានភាពងាយស្រួល ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើត ការផ្តល់សេវាដល់ប្រជាជនឲ្យកាន់តែជិត ស្របតាមបំណងប្រាថ្នារបស់ប្រជាជនគ្រប់រូប និងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយគាំពារសង្គម២០១៦-២០២៥ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាជន ក្នុងការគាំពារដល់ជីវភាពរស់នៅរបស់ជនក្រីក្រងាយរងគ្រោះ សំដៅបង្កើតនូវសេវាសាធារណៈមួយ ដែលមានលក្ខណៈសមស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសដោះស្រាយទាន់ពេលវេលា​ និងមានប្រសិទ្ធភាព។

លោក គីម តេង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានឲ្យដឹងថា តាមរយៈការបង្កើតឲ្យមានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម អ្នកជំងឺរបួសខួរឆ្អឹងខ្នង ខេត្តបាត់ដំបង ជាសមិទ្ធិផលដ៏មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់សេវាព្យាបាលអ្នកជំងឺស្របតាមតម្រូវការនាពេលបច្ចុប្បន្ន ជាមណ្ឌលព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់​ ដែលមានទីធ្លាធំទូលាយ និងបរិយាកាសល្អ ប្រកបដោយផាសុខភាព ព្រមទាំងបំពាក់ដោយឧបករណ៍ទំនើបបន្ថែមទៅតាមតម្រូវការជាក់ស្តែងថែមទៀតផង។

លោក គីម តេង តំណាងឲ្យជនពិការ និងប្រជាពលរដ្ឋរងគ្រោះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលបានសម្រួលក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម អ្នកជំងឺរបួសខួរឆ្អឹងខ្នង ខេត្តបាត់ដំបងនេះ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ជាពិសេសជនពិការ និងជនងាយរងគ្រោះជាដើម។

ជាមួយគ្នានោះ លោក វង សូត ក៏បានចូលរួមឧបត្ថម្ភដល់អ្នកជំងឺសម្រាកព្យាបាលនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម អ្នកជំងឺរបួសខួរឆ្អឹងខ្នង ខេត្តបាត់ដំបងចំនួន២៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល អតីតយុទ្ធជន និង អតីតមន្រ្តីរាជការស៊ីវិល ៥០នាក់ ក្នុងម្នាក់ៗទទួលបាន សារុងមួយ ក្រមាមួយ និងថវិកា២ម៉ឺនរៀល និងប្រជាពលរដ្ឋ ៤០០នាក់​ ក្នុងម្នាក់ៗទទួលបានសារុងមួយ ក្រមាមួយ និងថវិកា២ម៉ឺនរៀល៕