(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា លោក Ivo SIEBBER បានអះអាងថា រាជរដ្ឋាភិបាលស្វីស ​សន្យា​បន្តជួយអភិវឌ្ឍន៍​ដល់ប្រទេសកម្ពុជា ជាពិសេសកំណែទម្រង់ថ្នាក់ក្រោមជាតិ ការលើកស្ទួយវិស័យកសិកម្ម រួមទាំងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ នៅប្រទេសកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យ​កាន់តែមានភាពរីកចម្រើនបន្ថែមទៀតលើពហុវិស័យ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោក Ivo SIEBBER បានលើកឡើងថា រដ្ឋាភិបាលស្វីសមានទស្សនវិស័យ និងការទំនាក់ទំនងយុទ្ធសាស្រ្តវែងឆ្ងាយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុ​ជា ឲ្យកាន់តែមានភាពរីកចម្រើន។

លោក Ivo SIEBBER បានបញ្ជាក់ថា «ប្រទេសស្វីសនឹងបន្តធ្វើការជាមួយដៃគូពាក់ព័ន្ធ ជាមួយរាជរដ្ឋាភិបាល ដើម្បីខិតខំធ្វើយ៉ាងណាបន្តក្នុងការឯកភាពគ្នា និងការគាំទ្រទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសកំណែទម្រង់ថ្នាក់ក្រោមជាតិនេះផ្ទាល់តែម្តង»។

បើតាមឯកអគ្គរដ្ឋទូតរូបនេះ រដ្ឋាភិបាលស្វីសបាន សន្យាជួយដល់ប្រទេសកម្ពុជា ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣មកម្លេះ ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនបានរាថយ ក្នុងការជួយដល់ប្រទេសកម្ពុជានោះឡើយ ហើយនឹងបន្តជួយបន្ថែមទៀត លើពហុវិស័យដល់ប្រទេសនេះដដែល។

ជាការឆ្លើយតបនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរអគុណយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាល និងប្រជាជនស្វីស ដែលបានជួយដល់ប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ជាពិសេសគឺបានជួយនៅមន្ទីរពេទ្យគន្ធបុផ្ផា និងកំណែទម្រង់ថ្នាក់ក្រោមជាតិនេះតែម្តង ហើយតាមរយៈនៃការជួយរបស់រដ្ឋាភិបាលស្វីសនេះ ​សបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនងដ៏ល្អ​រវាងកម្ពុជា និងប្រទេសស្វីសកាន់តែមានភាពរីកចម្រើន។

សម្តេច ស ខេង ក៏បានប្រាប់ដល់លោក Ivo SIEBBERថា នា​ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់យុទ្ធសាស្រ្តកំណែទម្រង់ចំនួនបី រួមមានទី១៖ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ, ទី២៖កំណែទម្រង់មុខងារសាធារណៈ និងទី៣៖កំណែទម្រង់ថ្នាក់ ក្រោមជាតិដែលក្រសួងមហាផ្ទៃ កំពុងខិតខំធ្វើយយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយរាជរដ្ឋាភិបាលក៏បានបង្កើតលេខាធិការ​ដ្ឋាន ដើម្បីសម្របសម្រួលឲ្យយុទ្ធសាស្រ្តទាំងបីដំណើរការដោយ មានភាពរលួនផងដែរ។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង ​ក៏បានប្រាប់ឯកអគ្គរដ្ឋទូតស្វីស ថាកំណែទម្រង់ថ្នាក់ក្រោមជាតិនេះ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសប្រឈមនឹងបញ្ហាថវិកា និងបញ្ហាធនធានមនុស្សតែម្តង៕