(ព្រះសីហនុ)៖ ខណៈដែលកំពុងផឹកស៊ីជាមួយគ្នា បានទាស់ពាក្យសំដីគ្នា ពេលនោះជនរងគ្រោះ ក៏បានដាល់ទៅលើជនសង្ស័យ២ដៃចំមុខ បណ្ដាលឲ្យជនសង្ស័យខឹងខ្លាំង បានយកកូនកាំបិតហាន់មឹកក្លែម ចាក់ចំដើមទ្រូង ខាងស្តាំ១កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ករណីហិង្សាបណ្តាលឲ្យស្លាប់មនុស្ស ខាងលើនេះ បានកើតឡើងនាវេលាម៉ោង២០៖៣០នាទី ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផែរដីខ្សាច់ ក្រុមទី១៧ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ។

បើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឆាយ រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជួសជុលមង បច្ចុប្បន្នរស់នៅក្រុមទី២៦ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ចំណែកជនរងគ្រោះ ឈ្មោះ ធា (គ្មានអត្តសញ្ញាច្បាស់លាស់) ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរអ្នកបើកទូកនេសាទ បច្ចុប្បន្នស្នាក់នៅតាមទូក ត្រូវចំដើមទ្រូងខាងស្តាំ១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា មូលហេតុ អាចបណ្ដាលមកពីជនសង្ស័យមានគំនុំ ជាមួយជនរងគ្រោះ កាលពី១ឆ្នាំមុន ក្នុងរឿងស៊ីឈ្នូល ធ្វើរបងដីឡូឥឲ្យគេ។ ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ កូនកាំបិតចុងស្រួច ដងឈើ១ (អាវុធធ្វើសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន និងចាប់យកមកអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕