(ព្រៃវែង)៖ អតីតយុទ្ធជនក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង បាន​ប្រកាស​ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ នៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយប្ដេជ្ញាបន្ដបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជាគ្រប់អាណត្តិ និងមិនជឿតាមការញុះញង់របស់ក្រុម ឬបុគ្គលមួយចំនួនដែលមិនឲ្យទៅបោះឆ្នោតនោះទេ។

​ការប្រកាសយ៉ាងដូច្នេះរបស់អតីតយុទ្ធជន ត្រូវបានធ្វើឡើងនៅ​រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាស លោក ស្តើង សុខុម ប្រធានស្តីទីក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ អញ្ជើញ​ពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ចំនួន​១៨៣​នាក់។

ថ្លែងក្នុងឱកាសនោះ លោក ស្ដើង សុខុម ​​បានជម្រាបជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនទាំងអស់ផងដែរ។

​លោកប្រធានស្តីទីក្រុមការងារ ​ក៏បាន​គូសបញ្ជាក់នូវសភាពការណ៍នយោបាយថ្មីៗមួយចំនួន ជូនដល់អង្គពិធីផងដែរ មានជាអាទិ៍ថា ​ការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគោរពរដ្ឋធម្មនុញ្ញ ដោយត្រូវរៀបចំការបោះឆ្នោតសកលជាទៀងទាត់ ប្រកបដោយភាពត្រឹមត្រូវប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ សកម្មណាមួយដែលរារាំងពលរដ្ឋ មិនឲ្យប្រើសិទ្ធរបស់ខ្លួន (មិនឲ្យទៅបោះឆ្នោត) គឺជាការរំលោភរដ្ឋធម្មនុញ គឺជាចេតនាអាក្រក់ប៉ុនប៉ងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

​លោកក៏បានស្នើរឲ្យបងប្អូន​អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ទាំងអស់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា កុំចាញ់បោកការឃោសនាអគតិរបស់ពួកប្រឆាំង ជាពិសេស គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។

លោក ស្តើង សុខុម បានបញ្ជាក់នូវការគោរពដឹងគុណប្រកបដោយកតញ្ញូតាធម៌ ព្រមទាំងសូមជូនពរសុខភាពល្អ ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលបានលះបង់អាយុជីវិត កាយសម្បទា សុភមង្គលផ្ទាល់ខ្លួនចំពោះជាតិមាតុភូមិ និងប្រជាជនដោយបាននាំមកនូវសុខ ​សន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនរហូតដល់សព្វថ្ងៃ។

​បន្ថែមពីនេះ លោក ក៏បានផ្តល់ជូនថវិការបស់សម្តេចក្រឡាហោម ស ខេង ជូនដល់អតីតយុទ្ធជនសរុបចំនួន​១៨៣​នាក់ ដោយម្នាក់ៗទទួល បាន​៥០,០០០រៀល​ផងដែរ៕