(រតនគិរី)៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១០នាក់ ដែលបានពលីកម្មក្នុងសម័យសង្រ្គាមនៅកម្ពុជា ត្រូវបានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគីរី នៃប្រទេសកម្ពុជា និងគណៈកម្មការខេត្តកន្ទូម នៃប្រទេសវៀតណាម បានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតខ្លួនវិញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក គិត ទ្រី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគីរី និងលោកស្រី ច្រឹង ធីង៉ា អនុប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មការរុករក គាស់លើកអដ្ឋិធាតុខេត្តកន្ទូម។

លោកអភិបាលរងខត្ត បានបន្តថា «យើងនឹងបន្តអនុវត្តន៍នូវប្រពៃណីសាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមជាបន្ត ព្រមទាំងខិតខំប្រែក្លាយចំណង មេត្រីភាពប្រវតិ្តសាស្រ្តនេះទៅជាមូលបទញ៉ាំងប្រទេសជាតិយើងទាំងពីរ កាន់តែមានកាលានុភាព និងពលានុភាពកសាងប្រទេសជាតិរបស់ខ្លួនបានរីកចម្រើនរុងរឿងជានិរន្ត និងម្យ៉ាងវិញទៀត ដោយឈរលើខ្លឹមសារ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងស្មារតីនៃកិច្ចប្រជុំរវាងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគីរី និងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តកន្ទូម ដែលបានធ្វើឡើង កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧កន្លងមក រដ្ឋបាលខេត្តរតនគីរី និងនៅបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីខេត្តកន្ទូម ធ្វើការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជាបន្តទៅទៀតផងដែរ»៕