(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសដាក់ផែនការបង្កើតក្រុមការងារបែងចែកជា៣ក្រុម ដើម្បីត្រួតពិនិត្យគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសហ្គេមបាញ់ត្រី ព្រមទាំងទីតាំងកុងស៊ីទទួលបញ្ចាំ២៤ម៉ោង លើ២៤ម៉ោង នៅពេលរាត្រី ដើម្បីឈានទៅរកការបង្ក្រាបលុបបំបាត់ ធានាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។

ការប្រកាសឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោក ជា ពិសី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ជាបន្ទាន់មួយ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខណ្ឌឫស្សីកែវ មានការចូលរួមពីអភិបាលរងខណ្ឌ៤រូប គឺលោកស្រី សួស សូលីដា លោក លីន ញ៉ក់ លោក ស៊ូ សោគន្ធ លោក ប្រាជ្ញ សីហា លោកនាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ គយ និងរដ្ឋករខណ្ឌ ប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជុំនាញជុំវិញខណ្ឌ ចៅសង្កាត់ មេភូមិ ជាមួយមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា សូមឲ្យមេភូមិ ចៅសង្កាត់ មេបញ្ជាការអាវុធហត្ថខណ្ឌ ជាពិសេសអធិការនគរបាលខណ្ឌ ធ្វើយ៉ាងណា ត្រូវរាយការណ៍កំណត់ឲ្យបានច្បាស់ពីទីតាំងជក់ និងចែកចាយជួញដូរគ្រឿងញៀន ទីតាំងកុងស៊ីទទួលបញ្ចាំ២៤ម៉ោង លើ២៤ម៉ោង ជាពិសេស ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី តើមានចំនួនប៉ុន្មានកន្លែង? ដើម្បីឈានទៅបង្ក្រាបលុបបំបាត់ ធានាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕