(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជា​តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ត្រូវបានលោក សោ សាវឿន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នាំយកទៅចែកជូនប្រជាពលរដ្ឋ៥០គ្រួសារ។

ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដែលត្រូវបានលោក សោ សាវឿន យកអំណោយទៅចែកជូននៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ស្រ្តីទើបឆ្លងទន្លេចំនួន​៤០​គ្រួសារ ដោយក្នុង
មួយគ្រួសារៗទទួលបាន​សារុង០១ និងថវិកា១០០,០០០​រៀល​។​ គ្រួសារជួបការលំបាក ចំនួន១០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ​២៥គីឡូក្រាម, មី១កេស, ទឹកត្រី​១យួរ, ទឹកស៊ីអ៊ីវ​១យួរ និងថវិកា៥០,០០០រៀល​។

បន្ទាប់មក​លោក សោ សាវឿន ក៏បានសំណេះសំណាលជាមួយលោក
ប្រធានគណបក្សឃុំ លោកមេឃុំ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិផងដែរ ហើយបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗចំនួន​២០,០០០រៀល។

ជាការឆ្លើយតប ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអូរស្វាយ ស្រុកកំពង់សៀម បានប្ដេជ្ញាបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីគ្រប់អាណត្តិ តទៅមុខទៀត និងប្រកាសថា មិនជឿតាមការញុះញង់របស់ក្រុមប្រឆាំង ដែលមិនឲ្យទៅចូលរួមបោះឆ្នោតនោះឡើយ។

លោក សោ សាវឿន ក៏បានផ្ដាំផ្ញើថ្នាក់ដឹកនាំគណបក្សប្រជាជន​នៅតាមមូលដ្ឋាន ត្រូវដឹងសុខទុក្ខ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ឲ្យបានល្អ​ដើម្បីទទួលបានសម្លេងគាំទ្រ និងឈានទៅយកជ័យជម្នះ​ ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕