(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា គិតត្រឹមពេលនេះ មានពលករបរទេសជាង១៦ម៉ឺននាក់ បាននិងកំពុងបម្រើការងារនៅក្នុងប្រទេ សកម្ពុជា ហើយក្នុងនោះមានពលករជាង៦ម៉ឺននាក់ បានមកធ្វើប័ណ្ណការងារថ្មីសម្រាប់ឆ្នាំ២០១៧ និងជាង៣ម៉ឺននាក់ទៀត បានមកពន្យាធ្វើប័ណ្ណការងារ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ប្រគល់​រថយន្ដស៊ឺរ៉ែន៨គ្រឿង ជូននាយកដ្ឋានជនបរទេសអន្ដោប្រវេសន៍ ជាអ្នកវិនិយោគឯកជន សម្រាប់ចុះអធិការកិច្ចត្រួតពិនិត្យហត្ថពលកម្មបរទេស ទាំង២៥ រាជធានី-ខេត្ត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានពលករបរទេសជាង១៦ម៉ឺននាក់ បាននិងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយនៅក្នុងនោះ មានពលករចំនួន៦៥៣៥០នាក់ បានមកទទួលធ្វើការប័ណ្ណការងារ ដែលមានជាង៣ម៉ឺននាក់ បានមកពន្យា និងជាង៣ម៉ឺននាក់ទៀត បានមកធ្វើប័ណ្ណថ្មីសម្រាប់ឆ្នាំ២០១៧។

សូមបញ្ជាក់ថា ស្ទើរតែរៀងរាល់ថ្ងៃ កម្លាំងនគរបាលអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យកន្លែងស្នាក់នៅ និងធ្វើការរបស់ជនបរទេសជាប្រចាំ ដោយឃាត់ខ្លួនពួកគេបានជាបន្តបន្ទាប់ ដោយរកឃើញថា ពុំមានឯកសារត្រឹមត្រូវ សម្រាប់ការស្នាក់នៅ និងរកស៊ី ដោយភាគច្រើន ជាជនជាតិវៀតណាម ហើយក៏ត្រូវបានបណ្តេញចេញពីកម្ពុជាផងដែរ។ សម្រាប់ជនជាតិចិនវិញ កម្លាំងនគរបាល តែងតែបានត្រួតពិនិត្យឃើញប្រព្រឹត្តបទល្មើស ចាប់ជំរិតតាមប្រព័ន្ធ Internet ដែលពួកគេទាំងប្រុសទាំងស្រី បានជួលវីឡា ដុនដូរធំៗ ដើម្បីធ្វើសកម្មភាពទាំងនេះ៕