(ក្រចេះ)៖ ប្រជាពលរដ្ឋ ដែលប្រកបរបររត់ម៉ូតូឌុប នៅខេត្តក្រចេះ នៅថ្ងៃនេះ បានចេញមុខប្រកាសប្រឆាំងដាច់ខាតមិនឱ្យ ទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ធ្វើនយោបាយតទៅទៀតទេ ដោយសារតែទណ្ឌិតរូបនេះបានប្រព្រឹត្តអំពើក្បត់ជាតិ លួចចុះកិច្ចព្រមព្រៀងខុសច្បាប់កាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាគ្រប់គ្រង។

ការប្រកាសប្រឆាំងនេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោកទណ្ឌិត សម រង្ស៊ី បានផ្ទុះឡើង បន្ទាប់ពីសកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន រវាងលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ស្តីពីការកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យទៅជនជាតិវៀតណាមម៉ុងតាញ៉ា ឬដេកា។ ខេត្តដែល លោក សម រង្ស៊ី សន្យាកាត់ទៅឱ្យជនជាតិភាគតិចម៉ុងតាញ៉ានោះរួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។

អ្នករត់ម៉ូតូឌុប នៅខេត្តក្រចេះ បានលើកឡើងថា លោកមានការឈឺចាប់ណាស់ពេលដែលទទួលបានដំណឹងនេះព្រោះថា បើសិនជាមានការកាត់ទឹកដីដែលគាត់រស់នៅ ទៅឱ្យជនជាតិភាគតិចវៀតណាមមែននោះ តើឱ្យគាត់ និងប្រជាពលរដ្ឋដទៃទៀតក្នុងខេត្តនេះទៅរស់នៅឯងណា?

ប្រជាពលរដ្ឋខេត្តក្រចេះ បានស្នើឱ្យតុលាការកាត់ទោស លោក សម​ រង្ស៊ី ទៅតាមផ្លូវច្បាប់ ហើយចំពោះករណីនេះ លោកមិនចង់ឱ្យ លោក សម រង្ស៊ី ធ្វើនយោបាយតទៅទៀតទេ។ លោកប្រកាសកៀរគរប្រជាពលរដ្ឋខ្មែរទាំងអស់ប្រឆាំងនឹងការកាត់ទឹកដីខ្មែរ ទៅឱ្យជនជាតិដទៃ។

សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែ លោក សម រង្ស៊ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕