(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគីរវាងក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយលោករដ្ឋមន្ត្រី ថោង ខុន ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដឹកនាំដោយលោក ទូ ជាំង នៅសណ្ឋាគាររ៉េស៊ីដង់សុខា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ភាគីកម្ពុជា-ចិន បានពិភាក្សាគ្នាអំពីការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ក្រោយបញ្ចប់ជំនួបខាងលើ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ជំនួបទ្វេភាគីរវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ចិន នាពេលនេះ គឺផ្ដោតទៅលើការអភិវឌ្ឍវិស័យទេសចរណ៍ ការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍នៅកម្ពុជា ជំរុញការផ្សព្វផ្សាយទេសចរណ៍ និងទាក់ទាញទេសចរពីកម្ពុជាទៅចិន ក៏ដូចជាពីចិនមកកម្ពុជា ហើយក៏មានការពិភាក្សាគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមករវាងកម្ពុជា-ចិន ស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាប តំបន់ឆ្នេរសមុទ្រ និងតំបន់គោលដៅធំៗនៅរាជធានីភ្នំពេញ ដែលមានការជួយគាំទ្រពីភាគីចិនលើការរៀបចំផែនការមេ (Master Plan) ពិសេសនៅសៀមរាប។

លោកបានបន្តថា នៅពេលចំនួនទេសចរកាន់តែកើនឡើងច្រើន កម្ពុជាពិតជាត្រូវការអ្នកវិនិយោគ ដែលវិនិយោគលើការបង្កើតសណ្ឋាគារ ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការជាច្រើនពីគ្រប់ភាគី។

លោកបានបន្ថែមថា ក្នុងជំនួបនាព្រឹកមិញនេះ ក្រសួងទេសចរប្រទេសទាំងពីរ ក៏បានឯកភាពគ្នាបន្តអនុវត្តការងារស្របតាមស្មារតីនៃអនុស្សរណៈ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីពេលកន្លងទៅ ហើយភាគីកម្ពុជាបានស្នើដល់ភាគីចិនជួយទាក់ទាញទេសចរ និងអ្នកវិនិយោគពីប្រទេសចិនឲ្យបានច្រើនផងដែរ លោកថា កម្ពុជាក៏បានស្នើដល់ភាគីចិនជួយបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ក្នុងវិស័យទេសចរណ៍ ដូចជា ផ្នែកបដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។

ឆ្លើយតបនឹងសំណើរបស់ភាគីកម្ពុជា ភាគីចិនបានបញ្ជាក់ថា «ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នៅខែក្រោយនេះ ចិននឹងបញ្ជូនបេសកជនរបស់ចិន ១ពាន់នាក់ មកធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ដែលជាការចូលរួមមួយដែរ ដើម្បីលើកកម្ពស់នូវការអនុវត្តការជំរុញវិស័យទេសចរណ៍នៅកម្ពុជា»។

ឆ្នាំ២០១៨ ជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជាជាមួយសាធារណរដ្ឋប្រមានិតចិន ដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ ភាគីមិត្តចិននឹងបញ្ជូនបេសកជនប្រមាណ ១ពាន់នាក់ មកធ្វើដំណើរកម្សាន្តនៅកម្ពុជា នៅមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។

សូមជម្រាបថា រយៈពេល៣ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១.៧លាននាក់ កើនឡើង ១៣.៩% ក្នុងនោះមានទេសចរចិនជាង ៥០ម៉ឺននាក់ ដែលឈរលំដាប់លេខ១ កើនឡើងជាង ៨៥%។

តាមការបញ្ជាក់ពីអង្គការទេសចរណ៍ពិភពលោក ក្នុងចំណោម​ទេសចរអន្តរជាតិសរុប មានទេសចរចិនប្រមាណ ១០% មានន័យថា ក្នុងចំណោមទេសចរអន្តរជាតិ ១០០នាក់ មានទេសចរចិនចំនួន ១០នាក់។ តាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨ មានជាង៦លាននាក់ (ក្នុងនោះមានទេសចរចិន ១.៨លាននាក់)។ នៅឆ្នាំ២០១៩ ទេសចរចិននឹងមកទស្សនាកម្ពុជាប្រមាណ ២.៤លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណ ២.៦លាននាក់ កើនលើសការគ្រោងទុក៕