(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីយុទ្ធជនកម្ពុជា បានប្រគល់លំនៅដ្ឋានចំនួន២ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជនដែលជាជនពិការ នៅខេត្តព្រះវិហារ។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពី ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិកាសិករងព្រះវិហារ និងជាប្រធានសមាគមអីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ , ស្នងការនគបាល, មេបញ្ជាការកងរាជអាវុធហត្ថ និងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ស្តានិតិសម្បទាខេត្ត ជាអនុប្រធាន រួមនឹងជំនាញពាក់ព័ន្ធជាសមាជិកផងដែរ។

ឧត្តមសេនីយ៍ទោ ចាន់ សុភក្ត្រា បានរាយការណ៍ឲ្យដឹងថា នេះជាលំនៅដ្ឋានលើកទី១២ ហើយដែលសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានសាងសង់ជូននឹងប្រគល់ដល់គ្រួសារអតីតយុទ្ធជន ដែលជាជនពិការក្នុងខេត្តព្រះវិហារ។

លំនៅដ្ឋានលើកទី១១ និងលើកទី១២នេះ សាងសង់ឡើងអំពីឈើ ប្រក់ស័ង្គសី ជាប្រភេទផ្ទះខ្ពស់ ទំហំ 6mx8m តាមរចនាបទខ្មែរជនបទ ដែលក្នុងថ្ងៃនេះលំនៅដ្ឋានទី១១ ត្រូវបានប្រគល់ជូន ដល់គ្រួសារលោក សាត់ ទួន អាយុ៦០ឆ្នាំ ជាជនពិការ រស់នៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នឹងលំនៅដ្ឋានទី១២ ត្រូវបានសាងសង់ប្រគល់ជូនដល់គ្រួសារលោក សាយ អាន អាយុ៦៣ឆ្នាំ ជាជនពិការ ដែលមានប្រពន្ធឈ្មោះ ឡុង លីណាសុវណ្ណ អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

ជាមួយនឹងពិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន ដែលទីទ័លក្រ សមាគមបានជូន សមាជិកសមាគមដែលចូលរួមចំនួន៣០នាក់ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល.សារុង១។

ដោយឡែក សំរាប់គ្រួសារអតីតយុទ្ធជន២គ្រួសារ ដែលទទួលផ្ទះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥kg ធុងទឹក១ កន្ទេល១ សារុង១ ក្រម៉ា១ មុង១ ភួយ១ និងថវិកា៣ម៉ឺនរៀល។

សូមបញ្ជាក់ថា សំរាប់ថវិកាសាងសង់ក្នុងផ្ទះ១ខ្នងៗ មានតម្លៃស្មើរនឹង៩.៨០០.០០០៛៕