(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ២០១៨​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ វគ្គជីវភាពនយោបាយតាមសាខាបក្សដល់ក្រុមការងារថ្នាក់កណ្តាល ខេត្ត និងប្រធានសាខាបក្សមូលដ្ឋាន ក្រុង-ស្រុក និងឃុំ-សង្កាត់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន បានណែនាំដល់មន្រ្តីបន្តពីការងារចាំបាច់សម្រាប់ដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅថ្ងៃទី២៩​ ខែកក្ក​ដា​ ឆ្នាំ២០១៨​ ដោយក្រុមការងារទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋយើងឲ្យបានកាន់តែប្រសើរ​ ក្នុងនោះត្រូវពង្រឹងការងារផ្សព្វផ្សាយ ពីគោលនយោបាយផ្សេងៗ ដែលថ្នាក់លើបានដាក់ចុះឲ្យអនុវត្ត បម្រើប្រយោជន៍ ជូនប្រជាពលរដ្ឋយើង​ឲ្យបានទូលំទូលាយច្បាស់លាស់​ ដើម្បីបង្ការ និងទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមានគំនិតប្រតិកិរិយាបង្កអសន្តិសុខក្នុងមូលដ្ឋានរបស់យើង​។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ​ គឹមយ៉ាន​ ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្ស​ មាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ​និងជាប្រធានគណបក្ស​, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងជាប្រធានកិត្តិយសគណបក្ស​, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ និងជាអនុប្រធានគណបក្ស​ និងសម្តេចក្រឡាហោម​ ស​ ខេង​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្ស​។

ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅបោះឆ្នោតដើម្បីធានាបាននូវសុខសន្តិភាព​ និងបន្តការអភិវឌ្ឍ ​ឲ្យកាន់តែសម្បូរសប្បាយ ក្នុងមូលដ្ឋានបន្ថែមទៀត​។

ចុងបញ្ចប់​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឧបត្ថម្ភនូវថវិកា និងមធ្យោបាយជូន៖
ទី១៖ ផ្តល់ជូនគណបក្សខេត្តប្រេង៥០០០លីត្រ
ទី២៖ ផ្តល់ជូនទាំង៦៥ឃុំ-សង្កាត់​ ក្នុង១ឃុំ-សង្កាត់​ទទួលបានថវិកា១លានរៀល និងប្រេងម៉ាស៊ូត្រ២០០លីត្រ៕