(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតប្រទេសកាណាដា​ ប្រចាំប្រទេសថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

គោលបំណងនៃជំនួបនេះ ដើម្បីស្វែងយល់ពីស្ថានភាព និងសក្តានុពលសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យធនាគារកម្ពុជា និងកាណាដា។

លោក ជា ចាន់តូ បានជម្រាបជូនលោកស្រី Donica Pottie ពីកំណើនសេដ្ឋកិច្ចខ្ពស់ ដែលកម្ពុជាសម្រេចបាននារយៈពេលជាង ពីរទស្សវត្សរ៍ចុងក្រោយនេះ និងទស្សនវិស័យវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជា ដែលរក្សាបានអត្រាកំណើន ៧% ជាមធ្យមក្នុង១ឆ្នាំ និងការកាត់បន្ថយភាពក្រីក្រជាង១%ក្នុងមួយ​ឆ្នាំ ដែលធ្វើឱ្យកំណើនកាន់តែមានចីរភាព និងបរិយាប័ន្ន។

លោកបានបញ្ជាក់ទៀតថា អតិផរណាមានកម្រិតទាប អាចគ្រប់គ្រងបានហើយនៅដើមឆ្នាំ២០១៨ ដែលស្ថិតក្នុងកម្រិតតែ២.៣% ប៉ុណ្ណោះជាមួយនឹងអត្រាប្តូរប្រាក់មានស្ថិរភាពល្អប្រសើរ ប្រមាណ៤,០៥៦រៀល ក្នុង១ដុល្លារអាមេរិក។ បច្ចុប្បន្នប្រព័ន្ធធនាគារកម្ពុជា មានការវិនិយោគរបស់ធនាគារកាណាដាចំនួនមួយ ហើយបានរួមចំណែក យ៉ាងសកម្មក្នុងការបំពេញមុខងារ អន្តរការីយកម្មហិរញ្ញវត្ថុ។

លោកស្រីឯកអគ្គរដ្ឋទូត បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

លោកស្រី Donica Pottie ក៏បានប្តេជ្ញារួមចំណែកបង្កើន ទំនាក់ទំនងសេដ្ឋកិច្ច របស់ប្រទេសទាំងពីរបន្ថែមទៀត និងជួយផ្តល់អាហារូបករណ៍របស់ប្រទេសកាណាដា សម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕